អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា លោកចំណេញថវិកាប្រមាណជិត ២លានដុល្លារអាមេរិក បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់អត្រាពន្ធ ០% (មិនគិតពន្ធ) លើការនាំចូលរថយន្តប្រភេទអគ្គិសនី EV។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បញ្ជាក់ថា បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ព្រមទាំងបញ្ចុះអត្រាពន្ធពី ៣៥% មក ០% លើមុខទំនិញ រថយន្តគ្រួសារប្រភេទ EV ផងដែរ។
បន្ទាប់ពីឃើញសេចក្តីជូនដំណឹងនេះ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី៣០ ខែមីនានេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានលើកឡើងបែបនេះថា៖ “ពន្ធឡាន EV 0% ចំពេលឡាន ៣០០គ្រឿងមកដល់ឆាប់ៗនេះ សល់លុយបានជិត ២លានដុល្លារ”។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ពោលគឺកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសនាំចូលរថយន្តដឹកទំនិញអគ្គីសនី វិរៈ ប៊ុនថាំ ចំនួន ៣០០គ្រឿង បន្ថែមទៀត មកកម្ពុជា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេង៕





