អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ប្រតិបតិ្ត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចែករំលែកគន្លឹះល្អៗ ៦ចំណុច សម្រាប់ការហាត់ប្រាណ ដើម្បីឱ្យមានប្រសិទ្ធភាព។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៦ ខែមេសា អ្នកឧកញ៉ា បានលើកឡើងថា ក្នុងនាមជាវេជ្ជបណ្ឌិត និងអ្នកអប់រំ លោកតែងតែណែនាំសិស្សានុសិស្ស និងសាធារណជន ដូចខាងក្រោម៖
១.ការហាត់ប្រាណគឺដូចជាថ្នាំ៖ បើហាត់តិចពេក នាំឱ្យរាងកាយខ្សោយ បើហាត់ខ្លាំងពេក អាចប៉ះពាល់ និងរបួស។ ដូច្នេះចំណុចសំខាន់គឺ តុល្យភាព។
២.តើគួរហាត់ប្រាណប៉ុន្មានដងក្នុងមួយសប្តាហ៍? ៣–៥ ដងក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់ហាត់រៀងរាល់ថ្ងៃទេ។ ច្បាប់ងាយចងចាំ គឺមួយថ្ងៃហាត់ មួយថ្ងៃសម្រាក ហើយអាចធ្វើចលនារៀងរាល់ថ្ងៃបាន ប៉ុន្តែត្រូវសម្រាកពេលចាំបាច់។ សាច់ដុំត្រូវការពេលសម្រាក ដើម្បីលូតលាស់ និងជាសះស្បើយវិញ។
៣.តើគួរហាត់ម្តងប៉ុន្មាននាទី? ៣០–៦០ នាទីក្នុងមួយលើក អប្បបរមា ៣០ នាទី ឬល្អជាងនេះ ៤៥–៦០ នាទី។
៤.ប្រភេទហាត់ប្រាណងាយៗ៖ ដើរ រត់ ជិះកង់ (២០–៣០ នាទី), ចុចដៃ អង្គុយឡើង Plank (១០–២០ នាទី), លាតសន្ធឹង (៥–១០ នាទី)។
៥.ចំណាំសំខាន់ៗ៖ កុំហាត់ខ្លាំងពេករៀងរាល់ថ្ងៃ កុំមើលរំលងការឈឺចាប់ កុំប្រកួតប្រជែងជាមួយអ្នកដទៃ។ ហាត់ប្រាណសម្រាប់សុខភាព មិនមែនសម្រាប់បង្ហាញ។
៦.ច្បាប់ងាយចងចាំ៖ ពេលវេលាល្អបំផុត គឺពេលដែលអ្នកអាចហាត់បានជាប្រចាំ។ ពេលព្រឹក ល្អសម្រាប់បង្កើតទម្លាប់, ពេលល្ងាច ល្អសម្រាប់កម្លាំង និងសមត្ថភាព, ជៀសវាងពេលក្តៅខ្លាំង៕

