ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន យល់ឃើញថា ទោះបីតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាបន្តបន្ទាប់ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែសម្រាប់ការដឹកជញ្ជូន មិនអាចដំឡើងថ្លៃតាមតម្លៃប្រេងនោះ ព្រោះវានឹងប៉ះពាល់ដល់ការប្រកួតប្រជែង និងប៉ះពាល់ដល់អតិថិជន។

លោកឧកញ៉ាបានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះតម្លៃប្រេងម៉ាស៊ូតកើនឡើងខ្លាំង ប៉ុន្តែការដឹកជញ្ជូនដំឡើង ត្រឹមកម្រិតតិចតួចប៉ុណ្ណោះ។ ដូច្នេះវិស័យដឹកជញ្ជូនត្រូវតែកាត់បន្ថយការចំណេញ ដើម្បីសម្របជាមួយអ្នកផលិត ឱ្យដើរទៅជាមួយគ្នាដោយរលូន។
ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់បែបនេះថា៖ “ជាក់ស្តែងនៅពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្លាំងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ យើងមិនអាចដំឡើងថ្លៃភ្លាមៗដល់អតិថិជននោះទេ។ ការបញ្ជារទិញខ្លះ ឬកិច្ចសន្យាខ្លះ យើងចុះកិច្ចសន្យារយៈពេល ១ឆ្នាំ។ ដូច្នេះយើងមិនអាចចេះតែទាមទារថ្លៃដឹកជញ្ជូនឡើងបានទេ បើយើងឡើងថ្លៃទៅ នោះភ្ញៀវយើងដែលជាប់កុងត្រានឹងពិបាកដូចគ្នា។ ដូច្នេះអ្នកប្រកបអាជីវកម្ម និងអ្នកដឹកជញ្ជូន ត្រូវតែបន្ថយគម្លាតរៀងៗគ្នា ដើម្បីអាចដើរជាមួយគ្នាបាន”។
សូមជម្រាបថា វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ជាការប្រែប្រួលតម្លៃប្រេង មុនកាលកំណត់ ដែលតែងតែធ្វើឡើងក្នុងចន្លោះ ១០ថ្ងៃម្តង។ ការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងនៅកម្ពុជា ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរ និងម្ចាស់អាជីវកម្ម ក្នុងវិស័យផលិតកម្ម និងដឹកជញ្ជូនផងដែរ៕




