ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ គ្រោងប្រកាសចេញលក់កាហ្វេ VET Coffee, Coffee Mix 3 in 1 Original ចំណុះ ១៧ក្រាមក្នុងមួយកញ្ចប់តូច ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ្វ៊ូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា កាហ្វេ VET Coffee ជាប្រភេទកាហ្វេ Mix 3 in 1 Original ដែលផ្សំពីកាហ្វេលេខមួយ Arabica ហើយកាហ្វេនេះមិនផ្អែមពេក មិនសាបពេក មានរស់ជាតិល្មមសម្រាប់ប្រជាជនខ្មែរ។ ជាពិសេសរស់ជាតិនេះ ត្រូវបានផលិតឡើងជំនួសឱ្យផលិតផលរបស់ប្រទេសជិតខាង ព្រមទាំងមានតម្លៃសមរម្យ ដោយលក់រាយត្រឹម ៥០០រៀលក្នុងមួយកញ្ចប់។ ចំពោះយីហោនេះ គឺមានអ្នកជំនាញវិស្វករផ្នែកចំណីអាហារពីប្រទេសម៉ាឡេស៊ី។
លោកបន្តថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ នឹងមានរោងចក្រផលិតកាហ្វេនៅក្នុងប្រទេសកម្ពុជាខ្លួនឯង ប៉ុន្តែដោយសារបច្ចុប្បន្នរោងចក្រកំពុងសាងសង់ ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺយើងផលិតនៅក្រៅប្រទេស នៅប្រទេសម៉ាឡេស៊ីសិន ដែលជាក្រុមហ៊ុនស្តង់ដារបស់ប្រទេសម៉ាឡេស៊ី និងមានការទទួលស្គាល់ទូទាំងពិភពលោក ហើយក្រុមហ៊ុននេះក៏មានផលិតកាហ្វេមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។
មនុស្សប្រុសនិងមនុស្សស្រី ក៏អាចក្រេបជញ្ជក់នូវរស់ជាតិដ៏ឈ្ងុយឆ្ងាញ់របស់កាហ្វេក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ នេះផងដែរ។ កាហ្វេ VET Coffee ជាកាហ្វេលក្ខណៈធម្មជាតិ ដោយមិនមានដាក់សារធាតុទុកបានយូរ ឬដាក់ពណ៌នោះទេ ហើយជាប្រភេទកាហ្វេមិនមានលាយបន្លំសារធាតុផ្សេងៗ ពិសេសគឺធានាគុណភាពខ្ពស់។
កាហ្វេ VET Coffee ត្រូវបានវេចខ្ចប់ដោយម៉ាស៊ីនទំនើប មានថង់យួរដៃរចនាឡើងយ៉ាងស្រស់ស្អាត មានភាពងាយស្រួលកាន់ ដោយមាន១ថង់ចំនួន ៥ខ្សែ ហើយ១ខ្សែមានចំនួន ១២កញ្ចប់តូចៗ (សរុប ១ថង់ ស្មើ ៦០កញ្ចប់តូច)។ ក្នុងមួយកេស ក្រុមហ៊ុនខ្ចប់ត្រឹម ៦ថង់យួរដៃ ស្មើនឹង ៣៦០កញ្ចប់តូច ដែលងាយស្រួលសម្រាប់ទុកដាក់ ហើយតូបលក់ចាបហួយតូចៗក៏អាចមានលទ្ធភាពទិញយកទៅលក់បន្តផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ ក៏កំពុងបើកជ្រើសរើសម្ចាស់ដេប៉ូលក់ចែកចាយនៅតាមបណ្តាស្រុក ទីរួមខេត្ត និងក្រុង ជាង ១០០ដេប៉ូ ដូច្នេះជាឱកាសសម្រាប់បងប្អូនលក់បោះដុំ អាចដាក់ពាក្យធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុនបាន។ មូលហេតុក្រុមហ៊ុនរើសតំណាងចែកចាយច្រើនខុសពីក្រុមហ៊ុនដទៃ ដោយសារ វិរៈ ប៊ុនថាំ មានក្រុមហ៊ុនដឹកជញ្ជូន មានទីតាំងជាង ១៣០០សាខា ពិសេសគឺចង់ឱ្យផលិតផល ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ មានលក់គ្រប់ទីកន្លែងទៅដល់តាមភូមិ ងាយស្រួលដល់បងប្អូនពលរដ្ឋខ្មែរគ្រប់គ្នា៕




