លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ៥.៧០០ម៉ែត្រ នៅឃុំក្រយា ខេត្តកំពង់ធំ

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហម ថ្មីមួយខ្សែប្រវែង ៥.៧០០ម៉ែត្រ ស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអ្នកឧកញ៉ា បានគូសបញ្ជាក់យ៉ាងសង្កត់ធ្ងន់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ សមិទ្ធផលនេះនឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈការផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយកាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ ដែលលោកអ្នកឧកញ៉ា ទ្រី ភាព បានផ្តល់ជូនកាលពីពេលកន្លងមក គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦ខ្សែ សរុបប្រវែង ២១៥គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ៕