នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក មាស វីរៈ ក្រុមប្រឹក្សាភិបាលទទួលបន្ទុក នាយកផ្នែកដឹកជញ្ជូនផ្លូវទឹក អមដោយ ក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកសមាជិកា ជាពិសេសតំណាងក្រុមហ៊ុនកប៉ាល់ មួយចំនួនដូចជា ក្រុមហ៊ុន HAPAG-LLOYD (CAMBODIA) CO., LTD ក្រុមហ៊ុន COSCO SHIPPING Lines (Cambodia) Co.,Ltd និងក្រុមហ៊ុន CMA CGM Cambodia សរុបប្រមាណ៥០នាក់ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី “ការកក់ទូកុងតឺន័រ និងបញ្ហាពាក់ព័ន្ធផ្សេងៗ” ដែលបានរៀបចំធ្វើនៅ PSC Café, Tuol Kork រាជធានីភ្នំពេញ។

សមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអញ្ជើញក្រុមហ៊ុនកប៉ាល់ ដែលមានបញ្ហាពាក់ព័ន្ធនឹងការកក់ទូកុងតឺន័រ មកធ្វើការបកស្រាយអំពីនីតិវិធី និងពន្យល់បន្ថែមអោយបានស៊ីជម្រៅ ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ សម្រាប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុម Freight Forwarders ដែលជាសមាជិកសមាជិការបស់សមាគមភស្តុភារកម្មកម្ពុជា។
ក្នុងនោះផងដែរ ឧកញ៉ា ហាក់ លាងហ៊ បានមានប្រសាសន៍ថា ដើម្បីអោយដំណោះស្រាយដំណើរការទៅបានល្អ លុះត្រាតែសមាជិកសមាគម និងក្រុមហ៊ុនកប៉ាល់ បង្ហាញពីគោលជំហរ និងមានការប្តេជ្ញាចិត្ត ក្នុងការចូលរួមដោះស្រាយជាមួយគ្នា។
បន្ថែមពីនេះ ក្រុមហ៊ុនកប៉ាល់ ក៏បានទទួលយកនូវសំណើពីសមាគម និងព្រមទទួលយកនូវការដោះស្រាយដ៏ល្អមួយ ដោយមានការសម្របសម្រួលពី ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគម និង លោក មាស វីរៈ នាយកផ្នែកដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ដោយចំនុចសំខាន់ៗទាំងនោះរួមមាន ការពិនិត្យលើកាលបរិច្ឆេទនៃការដាក់លិខិតទៅក្រុមហ៊ុនកប៉ាល់ (Authorized letter) ពិនិត្យលើការកក់ទូកុងតឺន័រ ដោយពុំចាំបាច់ដាក់ឈ្មោះ ម្ចាស់ទំនិញនៅពេលនាំចូល ជាពិសេស ពិនិត្យលើនីតិវិធីនៃការពុំចាំបាច់កក់ទូកុងតឺន័រតែម្តង វាជាចំនុចសំខាន់ដែលសមាជិកសមាគម តែងតែចង់បាន និងរីករាយក្នុងការធ្វើតាមការណែនាំរបស់ក្រុមហ៊ុនកប៉ាល់ ដើម្បីទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញ៕







