អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

បច្ចុប្បន្នព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ កំពុងសាងសង់ផ្នែក «ព្រះភ្នែន» របស់ព្រះអង្គ។ ក្រុមហ៊ុនបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្នែក «ព្រះភ្នែន» របស់ព្រះអង្គ បានបង្ហាញរូបរាងយ៉ាងច្បាស់ហើយ មិនយូរប៉ុន្មានទៀតទេ យើងទាំងអស់គ្នានឹងបានឃើញព្រះពុទ្ធប្បដិមា ដ៏ធំស្កឹមស្កៃ លេចរូបរាងឡើងអមដោយទស្សនីយភាពធម្មជាតិដ៏ស្រស់ត្រកាលនៃភ្នំបូកគោ។
កាលចុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ខឿននិងបល្ល័ង្កព្រះអង្គ ដែលមានកម្ពស់សរុប ២៧ម៉ែត្រ ហើយបន្ទាប់មក ក្រុមហ៊ុនក៏បានចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះអង្គ។ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ បានបញ្ចប់ការសាងសង់បល្ល័ង្កផ្កាឈូកហើយ និងកំពុងបន្តដំណើរការយ៉ាងសកម្មនៃការសាងសង់ព្រះពុទ្ធប្បដិមាផ្ចាញ់មារអង្គធំ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បាននឹងកំពុងដឹកនាំដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា គោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕








