អ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម «កិច្ចពិភាក្សារវាង​ក្រុមប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន»។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធុរកិច្ចបានដាក់ស្នើនូវឯកសារទស្សនាទាន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

 ១. ការសម្រួលនីតិវិធីទំនិញជាប់កម្រិត (Restricted Goods Streamlining): ស្នើលុបបំបាត់ការចុះបញ្ជីស្ទួន ការត្រួតពិនិត្យ និងការដាក់បន្ទុកស្នើសុំអាជ្ញាប័ណ្ណ សម្រាប់ផលិតផលគ្រឿងសំអាង ម្ហូបអាហារ គ្រឿងអេឡិច​ត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានអនុលោមតាមស្តង់ដារបច្ចេកទេសរបស់អាស៊ានរួចរាល់។

 ២. ការធ្វើសាមញ្ញកម្មនីតិវិធីសម្រាប់សហគ្រាសមីគ្រូ សហគ្រាសធុនតូច និងមធ្យម

 ៣.ការធ្វើទំនើបកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Modernized Cross-Border E-Commerce): រៀបចំឱ្យមានសំណុំទិន្នន័យដែលមានភាពស៊ីសង្វាក់គ្នា (Harmonised Data Set) ក៏ដូចជាគំរូប្រមូលពន្ធពីអ្នកលក់ (Vendor-Collection Model)។

 ៤. កាបង្កើតនីតិវិធីលឿនសម្រាប់អាស៊ាន (Express Clearance Lanes): បង្កើតក្របខ័ណ្ឌនីតិវិធីលឿនសម្រាប់​តំបន់ (Regional Express Lane Framework) ក៏ដូចជាការទទួលស្គាល់ប្រតិបត្តិករពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកឆ្លងដែន (CBEO)។

សូមជម្រាបថា កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន គឺជាវេទិកា​ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំគយនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងការជួបពិភាក្សាដោយផ្ទាល់​ជាមួយតំណាងវិស័យឯកជន លើបញ្ហាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងការអនុវត្តច្បាប់​ឱ្យកាន់​តែ​មានប្រសិទ្ធភាព៕