ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ “ឋ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឋ” តំណាងផ្នែកឯកជន, តំណាងសមាគមអ្នកលក់ ឪសថនៅកម្ពុជា, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, តំណាងសមាគមគ្រូ ឱសថបុរាណកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូលឪសថ តំណាងមន្ទីរពេទ្យ គ្លីនិកឯកជន និងអ្នកពាក់ព័ន្ធជាសមាជិកនៃក្រុមការ ងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
សភាពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសុខាភិបាលនាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហានៃការផ្លាស់ប្តូរបរិយាយប័ណ្ណលើ ប្រអប់ឱសថ, ២. បញ្ហានៃការបង្កើតគណៈមន្ទីរពិសោធន៍, ៣. បញ្ហានៃការបណ្តុះបណ្តាលវិជ្ជាជីវៈថែរក្សាសម្ផស្ស, ៤. បញ្ហានៃការផ្សព្វផ្សាយវិស័យសុខាភិបាល, ៥. ផលពិបាកក្នុងការប្រកបវិជ្ជាជីវៈគ្រូឱសថបុរាណ, ៦. ការហាមឃាត់ Combination Compound រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។





