គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាល និង ថតរូបអនុស្សាវរីយ៍ នៅប្រទេសចិន។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ក្នុងឱកាសដែលសម្តេច អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ សម្តេចតេជោ មានប្រសាសន៍ណែនាំ ដោយជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕















