អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងដាក់ដំណើរការសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាស វិរៈ ប៊ុនថាំ VET Airways នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈទំព័រហ្វេសប៊ុក អ្នកឧកញ៉ា បណ្ឌិត បានបង្ហោះរូបភាពការិយាល័យ VET Airways ដែលទើបសាងសង់រួចថ្មីៗ ភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “ជួបគ្នាឆាប់ៗ ក្នុងដើមខែសីហា ឆ្នាំ២០២៦ ជាមួយ វិរ:ប៊ុនថាំ អ៊ែរវេយ៍ (VET Airways) បទពិសោធន៌ហោះហើរថ្មី ជួបគ្នាឆាប់ៗ មុនគេនៅកម្ពុជា”។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានរៀបចំផែនការបើកដំណើរការសេវាកម្មផ្នែកអាកាសចរណ៍ VET Airways ប្រភេទ Seaplane តាំងពីឆ្នាំ២០២៤ ដោយក្រុមហ៊ុនបានបំពេញសំណុំឯកសារបែបបទផ្លូវការ ដាក់សំណើរជូនទៅលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិកកូនខ្មែរដ៏មានចក្ខុវិស័យ ពោលគឺ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ក្នុងការនាំយក Seaplane សម្រាប់ការដំណើរកម្សាន្ត និងថ្នាក់បណ្តុះបណ្តាលផ្នែកបើកបរយន្តហោះ ដែលមានការប្រគល់សញ្ញាបត្រទទួលស្គាល់ពីអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា៕





