ឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប និងឧកញ៉ា សាយ សុភ័ត្រា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព ក្នុងឱកាសដែលព្រះអង្គបាននិមន្តទស្សនា និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងវត្តព្រះអង្គធំភ្នំបូកគោ កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងនេះបាននិងកំពុងដំណើរការសាងសង់ដល់តួព្រះកាយព្រះអង្គហើយ។ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់អាច ចូលរួមភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ជាបច្ច័យទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ឬក៏អាចចូលរួមជាម៉ែត្រការ៉េបានផងដែរ ដោយបច្ច័យចំនួន ៦០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ (ផ្ទៃក្រឡាសរុបនៃព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រមានចំនួន ៥០,០០០ ម៉ែត្រការ៉េ)។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ឪពុករបស់ឧកញ៉ា សុខ ចន្ធី បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕










