អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីខួបកំណើតរបស់ខ្លួន នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ១,៤០០នាក់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងលើបណ្តាញសង្គមបែបនេះថា៖ “ថ្ងៃទី១១ ខែកក្កដា នៅក្នុងពិធីខួបកំណើតរបស់ខ្ញុំ ភ្ញៀវជាច្រើនបានយកវត្ថុអនុស្សាវរីយ៍ ដូចជា ផ្កា សម្លៀកបំពាក់ តែចម្លែកតែកសិករមកពីស្រុកសំឡូត និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានយកដំឡូងជ្វាមួយកន្ត្រក និងពោតក្រហមចំណីសត្វមួយកន្ត្រកមកជូន ដើម្បីសរបញ្ជាក់ឱ្យដឹងថាពួកគាត់គឺជាកសិករពិតប្រាកដ”។
ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមប្រមាណជា ១,៤០០នាក់នេះ មកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស មានប្រហែលជា៨០% សុទ្ធសឹងតែជាកសិករ អ្នកចិញ្ចឹមសត្វ អ្នកដាំដំណាំដូចជា ពោត សណ្តែក ស្រួវ ដំឡូងមី និងអ្នកប្រមូលទិញយកមកចូលសម្ងួត សម្រាប់យកមកលក់ផ្គត់ផ្គង់អោយរោងចក្រផលិតចំណីសត្វ។ នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យកសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ព្រមទាំងបច្ចុប្បន្នមានតួនាទីជាសមាជិកព្រឹទ្ធសភា ផងដែរ៕












