ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ជាច្រើនមុខតំណែង ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ទូទាំងប្រទេស។

តាមការប្រកាសរបស់ក្រុមហ៊ុន មុខតំណែងដែលជ្រើសរើសរួមមាន៖ ១.បុគ្គលិកផលិតកម្ម និងវិចខ្ចប់ ប្រធានក្រុម និងប្រធានផ្នែក, ២.អ្នកបើកបរ ឡានដឹកទំនិញ ២.៥តោន និង PassApp, ៣.ជាងតម្លើង ជួសជុលថែទាំម៉ាស៊ីនផលិតកម្ម, ៤.អ្នកលក់ ប្រធានក្រុមលក់ ប្រធានផ្នែកលក់, ៥.បុគ្គលិកផ្នែកឃ្លាំង និងប្រធានឃ្លាំង, ៦.បុគ្គលិក ពិនិត្យគុណភាព។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ សូមអញ្ជើញដាក់ពាក្យដោយបញ្ជាក់ពីតួនាទីចង់ធ្វើ និងប្រាក់ខែរំពឹងទុក តាមរយៈអាសយដ្ឋាន ផ្លូវបេតុង ភូមិខ្នារ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ឬដាក់ពាក្យតាមរយៈ Telegram: 098 600 618។
សូមជម្រាបថា រោងចក្រក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណជាង ៦០% ហើយ និងកំពុងបន្តអភិវឌ្ឍឆ្ពោះទៅរករោងចក្រផលិតកម្មដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្រឿងទេសគ្រប់ប្រភេទ ប្រកបដោយគុណភាព ស្តង់ដារ និងទំនុកចិត្ត។
កាលដើមខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសកៀរគរអ្នកវិនិយោគក្នុងវិស័យម្ហូបអាហារ ឱ្យចូលរួមវិនិយោគរួមគ្នានៅតំបន់រោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ ហ៊្វូដ (Vireak Buntham Food Processing Factory Clusters) ដែលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការចូលរួមជារួមទាំង ហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារចែកចាយ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស ជំនួយផ្នែកច្បាប់ និងការលើកលែងពន្ធនានាផងដែរ៕






