នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសហការជាមួយ និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាលើកដំបូងស្តីពី «ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ» ដោយមានសិល្បករ-សិល្បការិនីចូលរួមយ៉ាងកុះករចំនួន ១០៥ រូប។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នេះជាការបត់បែន និងទស្សនវិស័យថ្មីសម្រាប់សិល្បករខ្មែរ ដើរឱ្យទាន់សម័យកាល ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានគូសបញ្ជាក់ថា ក្រៅពីភារកិច្ចអភិរក្ស និងលើកកម្ពស់វប្បធម៌ សិល្បករត្រូវតែ «ដើរឱ្យទាន់របត់ពិភពលោក និងបច្ចេកវិទ្យាសកល» ដោយចាប់យកបំនិនជីវិតថ្មីផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើតប្រភពចំណូលអកម្មបន្ថែម។
ម្យ៉ាងទៀត នេះជាខែលការពារសិល្បករពីការឆបោក ព្រោះការបណ្តុះបណ្តាលនេះជួយឱ្យសិល្បករយល់ដឹងពីការគ្រប់គ្រងហានិភ័យ និងការវិនិយោគត្រឹមត្រូវ ដើម្បីចៀសវាងពីការឆបោកហិរញ្ញវត្ថុផ្សេងៗ។ សិល្បករ-សិល្បការិនី នឹងប្រើប្រាស់ឥទ្ធិពល និងបណ្តាញសង្គម (Followers) របស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងហិរញ្ញវត្ថុដ៏ត្រឹមត្រូវនេះ បន្តទៅកាន់សាធារណជន និងអ្នកគាំទ្រ។
ការទទួលបានអត្ថប្រយោជន៍ផ្ទាល់ៗរបស់សិល្បករ នៅក្នុងព្រឹត្តិការណ៍នេះ សិល្បករ-សិល្បការិនីទាំងអស់ដែលបានចូលរួម ទទួលបាននូវកញ្ចប់ប្រយោជន៍ភ្លាមៗសម្រាប់ការអនុវត្តជាក់ស្តែង រួមមាន៖ លេខអត្តសញ្ញាណវិនិយោគិន (Investor ID) ដោយសេរី និងមិនគិតថ្លៃ, គណនីជួញដូរភាគហ៊ុន បើកជូនដោយឥតគិតថ្លៃ, ភាគហ៊ុនចំនួន ៥ ភាគហ៊ុន (ក្រុមហ៊ុន Cellcard / CAM GSM) ស្មើនឹងទឹកប្រាក់ ១៥,០០០ រៀល ដើម្បីសាកល្បងទិញ-លក់ក្នុងទីផ្សារជាក់ស្តែង។
ឯកឧត្តម ស៊ូ សុជាតិ (អគ្គនាយក ន.ម.ក.) បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «សិល្បៈបង្កើតតម្លៃតាមរយៈទេពកោសល្យ និងការច្នៃប្រឌិត ខណៈការវិនិយោគបង្កើតតម្លៃតាមរយៈចក្ខុវិស័យ។ សិល្បករគឺជាបុគ្គលមានឥទ្ធិពលលើការគិតរបស់សាធារណជន ក្នុងការបណ្តុះវប្បធម៌វិនិយោគនៅកម្ពុជា»។
ឯកឧត្តមបន្តថា សិល្បករ និងសិល្បការិនី គឺជាបុគ្គលមានឥទ្ធិពលលើការគិត និងអាកប្បកិរិយារបស់សាធារណជន ដូច្នេះការចូលរួមរបស់ពួកគេនឹងជួយផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ពង្រឹងទំនុកចិត្តលើទីផ្សារមូលបត្រ និងរួមចំណែកកសាងវប្បធម៌វិនិយោគប្រកបដោយចំណេះដឹង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕






