ធនធានបន្តវេន! កូនប្រុសម្ចាស់ក្រុមហ៊ុន ហនុមាន បញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst ប្រទេសអង់គ្លេស

ជុំវិញ​ឧកញ៉ា

លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែល​ជាកូនប្រុស​របស់​​ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានបញ្ចប់ការសិក្សា​ដោយជោគជ័យ នៅរាជបណ្ឌិតសភាយោធា Sandhurst ប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញសារអបអរសាទរដល់ នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។

សមិទ្ធផលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីសាលា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងឡើង​នៃកិច្ចសហប្រតិបត្តិការ​ការពារជាតិ ទំនាក់ទំនងអប់រំយោធាវិជ្ជាជីវៈ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។

សាលា Sandhurst ត្រូវបានគេទទួលស្គាល់ជាយូរមកហើយសម្រាប់ការអភិវឌ្ឍមេដឹកនាំយោធា នាពេលអនាគត​ពីជុំវិញពិភពលោក។ បទពិសោធន៍ដែលទទួលបានដោយនិស្សិតបញ្ចប់ការសិក្សាកម្ពុជា ជួយកសាងបណ្តាញ​វិជ្ជាជីវៈ ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធ។ ស្ថានទូតចក្រភព​អង់គ្លេសប្រចាំកម្ពុជា ងមានមោទនភាពក្នុងការអបអរសាទរភាពជោគជ័យរបស់នាយទាហាន ផន មុតសុក្រឆពណ្ណ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតជាមួយកងយោធពលខេមរភូមិន្ទ។

នាព្រឹកថ្ងៃទី៨ ខែសីហានេះ ឧត្តមសេនីយ៍ឯក មុឹង ពន្លក ក៏បានបង្ហោះវីដេអូនិងសារអបអរដល់កូនប្រុស​បែបនេះថា៖ “ប៉ា ម៉ាក់ និងក្រុមគ្រួសារពិតជាសប្បាយរីករាយក្រៃលែងដោយរកអ្វីមកប្រៀបផ្ទឹមពុំបាន នៅថ្ងៃ​ដែលកូនបានបញ្ចប់ការសិក្សានៅសាលា Royal Military Academy Sandhurst Commissioning Course 253”។

សូមជម្រាបផងដែរថា កាលខែមករា ឆ្នាំ២០២៤ លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសច្បង​របស់​ថៅកែក្រុមហ៊ុន ហនុមាន ក៏បានបញ្ចប់ការសិក្សា និងទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល (International Businesses and Global Management) ពី​​សាកលវិទ្យាល័យ​ King’s College London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ផងដែរ។ សម្រាប់ជីវិតគ្រួសារ លោក Richie បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង អធិកអធមបំផុត ជាមួយ​​កញ្ញា តាំង ប៉ោហ្គិច ហៅ Jade ដែលជា​កូនស្រីរបស់ឧកញ៉ា តាំង គីមថុង និងអ្នកស្រី ស៊ុយ សុផាន់ កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣៕