សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានប្រកាសនឹងរៀបចំកម្មវិធី “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦” ក្រោមប្រធានបទ៖ “កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា” ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។

វេទិកាធុរកិច្ចនេះ ក៏នឹងមានកិច្ចពិភាក្សាលើប្រធានបទ៖ “ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល” ដោយមានវាគ្មិនដូចជា លោក John Guiry នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក, អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស, ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី នាយកគ្រប់គ្រងក្រុមហ៊ុន ឡាញហល អេចប្រេស។ លើសពីនេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញមានមតិបូកសរុប និងបិទកម្មវិធី។
វេទិកាធុរកិច្ច និងនវានុវត្តន៍នេះ ជាឱកាសដ៏ល្អមួយនេះក្នុងការ៖ ឈ្វេងយល់បង្កើនចំណេះដឹងពីនិន្នាការថ្មីៗក្នុងវិស័យនាំចេញ-នាំចូល, ផ្សារភ្ជាប់ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មនានាស្ថិតក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម, ទទួលបានចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញ, បង្កើតឱកាសថ្មីៗ បណ្ដាញអាជីវកម្ម និងទស្សនអាជីវកម្មថ្មីៗ។
សូមជម្រាបថា “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦” នឹងធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រសៀល ដល់ ៦:០០ ល្ងាច នៅមណ្ឌលសន្និបាត OCIC (អគារ F)។ លោកអ្នកអាចអញ្ជើញចូលរួមដោយឥតគិតថ្លៃ (ចំនួនមានកំណត់) និងអាចឈ្មោះចូលរួម តាមតំណភ្ជាប់៖ www.businessinnovationforum.com ៕






