ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហើបពីឆន្ទៈបង្កើតផែនការអាជីវកម្មរយៈពេលវែង ឆ្នាំ២០២៦-២០៣៦ និងប្រកាសស្វែងរកអ្នកចូលហ៊ុន ក្នុងការនបង្កើតមុខរបរទាក់ទងការផលិត កសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ ឬមុខរបរស្របច្បាប់ណាមួយ។

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃចន្ទនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើង ៣ចំណុចថា៖ ១.គេមានកុំឱ្យខាន គេបានកុំអោយទៅ! ២.បើលោកអ្នកមានមុខរបរ ទាក់ទងការផលិត កសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ ឬមុខរបរស្របច្បាប់ណាមួយ ហើយត្រូវការអ្នកចូលហ៊ុន សម្រាប់រយៈពេលយូរអង្វែង នោះលោកឧកញ៉ាបណ្ឌិតចាប់អារម្មណ៍! ៣.នៅចុងឆ្នាំ២០២៥ ខាងមុខនេះ លោកឧកញ៉ាបណ្ឌិត នឹងប្រកាសពីផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦ ដល់ ២០៣៦ ហើយលោកអ្នកដែលមានធនធាន ហើយចង់ចូលហ៊ុន នោះ សូមត្រៀមលុយឱ្យហើយ។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ រីឯក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕

