ឧកញ៉ា សុខ ពិសិដ្ឋ ជាប់ឆ្នោតជាប្រធាន CAMFEBA និងឧកញ៉ា ៤រូបទៀត ជាប់ជាអនុប្រធាន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានក្រុមហ៊ុន GGear Group បានជាប់ឆ្នោតជាប្រធានសហព័ន្ឋនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ខណៈដែលឧកញ៉ា ៤រូបទៀត បានជាប់ឈ្មោះជាអនុប្រធាន សម្រាប់អាណត្តិទី១១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ត្រាជូនប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី CAMFEBA និងពិធីលៀងសាយភោជន៍អបអរសាទរមហាសនិ្នបាតប្រចាំឆ្នាំ បានប្រារព្វធ្វើឡើងកាលល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង និងថា្នក់ដឹកនាំនៃបណ្តាសហគ្រាស-គ្រឹះស្ថាន អង្គការក្រៅរដ្ឋាភិបាល សហជីព និងសមាគមពាណិជ្ជកម្មនានានៅក្នុងប្រទេសប្រមាណជា ២០០នាក់។

ថ្លែងក្នុងមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ CAMFEBA ដែលបានរក្សាបាននូវភាពរីកចម្រើនរឹងមាំ និងទទួលបានការទុកចិត្តពីវិនិយោគិន ក៏ដូចជាពីសមាជិករបស់ខ្លួនគួរជាទីមោទនៈ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវការអបអរសាទរចំពោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CAMFEBA សម្រាប់អាណត្តិថ្មីនេះ និងព្រមទាំងអញ្ជើញចូលរួមជាសាក្ខីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ និងទទួលត្រាសម្រាប់ប្រធានក្រុមប្រឹក្សាអាណត្តិថ្មីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា លទ្ធផលនានាដែលសម្រេចបានរហូតមកដល់ពេលនេះ គឺបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជក។ CAMFEBA បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ របបសន្តិសុខសង្គម ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងយន្តការត្រីភាគីនានា ដូចជាគណៈកម្មការប្រឹក្សាការងារ គណៈកម្មការជាតិសុខភាព និងសុវត្ថិភាពការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។

ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជន ដោយផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាជូននិយោជក និងកម្មករនិយោជិត ដើម្បីកែលម្អសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

សូមជម្រាបថា ក្រុមប្រឹក្សាភិបាលរបស់ CAMFEBA សម្រាប់អាណត្តិទី១១ ថ្មីនេះ គឺមានសមាសភាពដូចជា៖ ឧកញ៉ា សុខ ពិសិដ្ឋ ជាប្រធាន, ឧកញ៉ា ណាង សុធី, ឧកញ៉ា ស គីណាល់, ឧកញ៉ា កាង ឡេង, ឧកញ៉ា សុង សារ៉ន និងលោក-លោកស្រី ជាអនុប្រធាន ចំនួន ៧រូប ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល ចំនួន ៧រូបផ្សេងទៀត សរុបទាំងអស់ចំនួន ១៥រូប។ CAMFEBA អាណត្តិទី១១ មានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕