យុវសិស្ស សេន កេតរ៍ស័កធនិន មកពីសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ដែលជាសាលាបុត្រសម្ព័ន្ធស្ថាប័នអប់រំ អេជី របស់ឧកញ៉ា ជា សុខឃាង ប្រឡងជាប់បាក់ឌុបឆ្នាំ២០២៦ ដោយទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០.០០។


ជាមួយនឹងភាពជោគជ័យនេះ នាយកសាលាអារីហ្សូន សាខាខេត្តសៀមរាបបានសម្តែងនូវក្តីរំភើប និងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ យុវសិស្ស សេន កេតរ៍ស័កធនិន ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ជាមួយនឹងលំដាប់ពិន្ទុដ៏ខ្ពស់បំផុត។
ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីស្តង់ដារ និងគុណភាពអប់រំរបស់ស្ថាប័នអប់រំ អេជី ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឧកញ៉ា ជា សុខឃាង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការកសាងបរិយាកាសសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អេជី គឺជាគ្រឹះស្ថានអប់រំដ៏រឹងមាំមួយ ជាមួយនឹងសាលាល្បីៗជាបុត្រសម្ព័ន្ធរួមមាន៖ សាលារៀនអារីហ្សូន (Arizon School), សាលាអន្តរជាតិហ្គ្រេនម៉ោន (Grandmount International School) និង មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី (AG Training Center) ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងមានស្តង់ដារខ្ពស់៕

