ឧកញ៉ា ហេង វ៉ាន់ដា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា បានផ្ញើសារផ្តាំផ្ញើដល់ចៅៗដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថាជំនាញដែលល្អបំផុតក្នុងពិភពលោក គឺគ្មានជំនាញណាល្អជាងជំនាញគណនេយ្យ សវនកម្ម ឬពន្ធដារ នោះទេ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ា ហេង វ៉ាន់ដា បានគូសបញ្ជាក់បែបនេះថា៖ “ចៅៗជឿលោកតា! ជំនាញដែលល្អបំផុតក្នុងពិភពលោក គ្មានជំនាញណាល្អជាងជំនាញគណនេយ្យ, សវនកម្ម, ពន្ធដារ នឹងទេចៅ។ ជំនាញហ្នឹងចៅធ្វើការតែក្នុងម្លប់ស្រួលនិងត្រជាក់ចិត្ត។ កុំភ្លេច វ៉ាន់ដាគណនេយ្យ”។
សូមជម្រាបថា វិទ្យាស្ថានវ៉ាន់ដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដែលមានឈ្មោះថាមជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា ត្រូវបានផ្លាស់ប្ដូរឈ្មោះជាផ្លូវការ ទៅជាវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០០០ មុនក្លាយទៅជា សាកលវិទ្យាល័យវ៉ាន់ដា កាលឆ្នាំ២០២៥។
សាកលវិទ្យាល័យវ៉ាន់ដា ដែលមានឧកញ៉ា ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាល បច្ចុប្បន្ននេះមានទីតាំង៣កន្លែងកំពុងដំណើរ ក្នុងនោះមួយកន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ សាកលវិទ្យាល័យនេះ មានចក្ខុវិស័យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕



