នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីបំពេញកន្លែងទំនេរក្នុងចំណោមសមាជិកជ្រើសតាំងទាំង ៤០រូប របស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយអង្គបោះឆ្នោតភាគច្រើន បានគាំទ្រអ្នកជំនួញវ័យក្មេង៧រូប ជាសមាជិកជ្រើសតាំងថ្មី។

ពិធីបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនិងសមាជិក សមាជិកាជាច្រើនរូប នៅអគារ វីងថោវើ (WingTower)។
អ្នកជំនួញវ័យក្មេង ៧រូប រួមមាន អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា អ៊ឹង លីហេង, លោកស្រី គឹម សំភ័ស, អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ, អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន និងឧកញ៉ា បណ្ឌិត អន ប៊ុនហាក់ ត្រូវបានអង្គបោះឆ្នោតចំនួន៩០នាក់ ក្នុងចំណោម៩៣នាក់ បោះឆ្នោតគាំទ្រឱ្យក្លាយជាសមាជិកជ្រើសតាំងថ្មី របស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងកោតសរសើរចំពោះសមាជិកថ្មី ទាំង៧រូបនេះ ដោយបានសង្កត់ធ្ងន់ថា សមាសភាពទាំងនេះ សុទ្ធសឹងជាអ្នកជំនួញវ័យក្មេង ប្រកបដោយបញ្ញាមានសមត្ថភាពខ្ពស់ និងមានធនធានដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលការងាររបស់វិស័យឯកជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន។
បើតាមអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតវិសាមញ្ញ ដើម្បីជ្រើសរើសសមាជិកជ្រើសតាំង មកពេញកន្លែងរបស់សមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មកម្ពុជាដែលមានចំនួនសរុប ៤០រូប។ ការបោះឆ្នោតនេះធ្វើឡើងដោយសារមានសមាជិកមួយចំនួនមានភារកិច្ចហើយអ្នកខ្លះបានសុំសម្រាក។
អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថាបច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជា មានសមាជិកបីប្រភេទរួមមាន៖ សមាជិកជ្រើសតាំង ដែលមានចំនួន ៤០រូប, សមាជិកសាមញ្ញដែលមាន ៥,០០០នាក់ មកក្រុមហ៊ុន សហគ្រាសនានា និងសមាជិកទីប្រឹក្សា។
សមាជិកទាំងអស់នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នគ្រឹះស្ថានរបស់រដ្ឋមួយដែលគ្រប់គ្រងដោយវិស័យឯកជន៕
















