អ្នកឧកញ៉ា ជាម ឃុនណាត តំណាងឱ្យសមាជិកជ្រើសតាំងថ្មីទាំង ៧រូប ប្តេជ្ញាចូលរួមសកម្មភាពជាមួយសភាពាណិជ្ជកម្ម និងខិតខំបំពេញការងារ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក តំណាងឱ្យសមាជិកជ្រើសតាំងថ្មីទាំង ៧រូប នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានប្តេជ្ញាចូលរួមសកម្មភាពជាមួយសភាពាណិជ្ជកម្ម និងខិតខំបំពេញការងារតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តរបស់ អ្នកឧកញ៉ា ជាម ឃុនណាត បានធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីបំពេញកន្លែងទំនេរក្នុងចំណោមសមាជិកជ្រើសតាំងទាំង ៤០រូប របស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយអង្គបោះឆ្នោតភាគច្រើន បានគាំទ្រអ្នកជំនួញវ័យក្មេង៧រូប ជាសមាជិកជ្រើសតាំងថ្មី។

អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាបេក្ខភាពជាប់ឆ្នោតមួយរូប ក្នុងចំណោម ៧រូប បានលើកឡើងថា ការជាប់ឆ្នោតនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់សមាជិកជ្រើសតាំងថ្មីទាំង ៧រូប ក្នុងការចូលរួមបំពេញការងារ និងជួយសភាពាណិជ្ជកម្មឱ្យសម្រេចបាននូវភារកិច្ចរបស់ខ្លួន។

អ្នកឧកញ៉ា ជាម ឃុនណាត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសភាពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានខិតខំរៀបចំ និងសម្របសម្រួលដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូន។

សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប ដែលបានឈរឈ្មោះ និងទទួលបានការគាំទ្រក្នុងការបោះឆ្នោត រួមមាន អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា អ៊ឹង លីហេង, លោកជំទាវ ភឹម សំភ័ស, អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ជាលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជននៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការសម្រាប់សម្របសម្រួល និងជំរុញការអភិវឌ្ឍវិស័យឯកជន ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងតភ្ជាប់កម្ពុជាជាមួយទីផ្សារអន្តរជាតិ។

បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា ក៏បានចូលរួមសហការជាមួយបណ្តាក្រុមប្រឹក្សាធុរកិច្ច និងអង្គការធុរកិច្ចក្នុងតំបន់ និងអន្តរជាតិ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់វិស័យឯកជន និងស្វាគមន៍ធុរជន និងវិនិយោគិនពីទូទាំងពិភពលោក មកស្វែងរកឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា៕