ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន ១២ក្រុមហ៊ុន ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ នេះ គឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ នៅឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារពិភពលោក ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការទីផ្សារ និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយគុណភាព និងសក្តានុពលអង្ករកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញរបស់អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។
ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិកក្នុងពិព័រណ៍នេះ ទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការគាំទ្រនេះបានរួមចំណែកជួយសម្រួលដល់ការផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុននាំចេញក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ និងស្វែងយល់ពីតម្រូវការទីផ្សារនៅតំបន់អឺរ៉ុប និងទីផ្សារផ្សេងៗទៀត។
ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ រួមមាន៖
១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
៣. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
៤. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
៦. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
៧. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
៨. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
៩. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
១០. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
១១. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
១២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)
សូមជម្រាបថា ការចូលរួមរបស់ក្រុមហ៊ុននាំចេញទាំង ១២ នេះ មិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែប និងគុណភាពនៃផលិតផលអង្ករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ តាមរយៈវេទិកានេះ ក្រុមហ៊ុនសមាជិកមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួន បង្កើនការទទួលស្គាល់ម៉ាកយីហោ និងស្វែងរកលទ្ធភាពពង្រីកទីផ្សារនាំចេញ ដើម្បីរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។










