ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន KOI Thé បានលើកឡើងថា យុវជន និងអ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម ត្រូវបានលើកទឹកចិត្តឱ្យចូលបម្រើការងារនៅតាមសហគ្រាសដែលមានស្រាប់ជាមុនសិន ដើម្បីក្រេបជញ្ជក់បទពិសោធន៍ កសាងទំនុកចិត្ត និងរៀនសូត្រពីក្បួនគ្រប់គ្រងរបស់សហគ្រិនរៀមច្បង មុននឹងសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។ ការលើកឡើងនេះរបស់ ឧកញ៉ា ឃន ឈុនដារ៉ា ធ្វើឡើងនៅក្នុងកម្មវិធីផ្សាយផតខាស់ (Podcast) ក្រោមប្រធានបទ «ជំនាញ TVET ក្នុងវិស័យ SMEs តម្រូវការរបស់សហគ្រិនភាព» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។


ឧកញ៉ា ឃន ឈុនដារ៉ា បានលើកឡើងថា ដំណើរឆ្ពោះទៅកាន់ភាពជាសហគ្រិនជោគជ័យ មិនមែនចាប់ផ្តើមចេញពីភាពទទេស្អាតនោះទេ ប៉ុន្តែទាមទារនូវការរៀបចំគ្រឹះឱ្យបានរឹងមាំតាមរយៈជំហានសំខាន់ៗ រួមមាន៖ ១. ស្រង់យកបទពិសោធន៍ជាក់ស្តែង ដោយ ជំហានដំបូង គឺការទៅបំពេញការងារឱ្យក្រុមហ៊ុន ឬសហគ្រាសដែលមានស្រាប់ ដើម្បីស្វែងយល់ពីរបៀបរបបដំណើរការការងារជាក់ស្ដែង ព្រមទាំងប្រឈមនិងដោះស្រាយបញ្ហាផ្សេងៗក្នុងវិស័យនោះ។ ២. កសាងទំនុកចិត្ត និងជំនាញច្បាស់លាស់ ដោយឆ្លងកាត់ការងារជាក់ស្ដែង នឹងជួយពង្រឹងទំនុកចិត្ត និងភាពក្លាហានផ្ទាល់ខ្លួន ធ្វើឱ្យបុគ្គលស្គាល់ការងារច្បាស់ និងចេះធ្វើកិច្ចការនោះប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។
៣. កសាងប្រវត្តិរូបការងារ ដើម្បីទាក់ទាញទុនវិនិយោគ, លោកឧកញ៉ាបានគូសបញ្ជាក់ថា នៅពេលបុគ្គលម្នាក់មានបទពិសោធន៍ មានជំនាញច្បាស់លាស់ និងមានប្រវត្តិការងាររឹងមាំ ទោះបីជាខ្វះខាតដើមទុន ក៏អាចទាក់ទាញអ្នកវិនិយោគបានយ៉ាងងាយស្រួលដែរ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគជាច្រើនដែលមានដើមទុនបម្រុងសម្រាប់បណ្តាក់ទុនលើអាជីវកម្មថ្មីៗ ប៉ុន្តែទីផ្សារនៅតែប្រឈមនឹងកង្វះខាតធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ។
ក្រៅពីកត្តាជំនាញ និងដើមទុន ស្ថាបនិក KOI Thé រូបនេះ បានបន្ថែមទៀតថា ចំណុចដ៏មានតម្លៃបំផុតមួយនៃការធ្វើការឱ្យគេ គឺឱកាសក្នុងការសិក្សា និងដកស្រង់ក្បួនពីរបៀបដែលសហគ្រិនជោគជ័យបង្កើត និងដឹកនាំក្រុមហ៊ុន។ ការយកក្បួន និងយុទ្ធសាស្ត្រទាំងនោះមកកែច្នៃ និងអនុវត្ត នឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពខ្ពស់នៅពេលឈានជើងចេញទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន៕

