«ម្ចាស់អាជីវកម្ម និងសហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) គួរយកចិត្តទុកដាក់លើគោលការណ៍គ្រឹះចំនួន ៣ ក្នុងការគ្រប់គ្រងធនធានមនុស្ស រួមមាន ប្រាក់បៀវត្សរ៍សមរម្យ បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងការផ្ដល់ឱកាសលូតលាស់ទៅថ្ងៃអនាគត ដើម្បីអាចទាក់ទាញ និងរក្សាទុកបុគ្គលិកឱ្យបម្រើការងារបានយូរអង្វែង» នេះជាការលើកឡើងរបស់ ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន KOI Thé ក្នុងកម្មវិធីផ្សាយផតខាស់ (Podcast) ក្រោមប្រធានបទ «ជំនាញ TVET ក្នុងវិស័យ SMEs តម្រូវការរបស់សហគ្រិនភាព» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។


ឧកញ៉ា ឃន ឈុនដារ៉ា បានគូសបញ្ជាក់ថា បន្ទាប់ពីដំណាក់កាលទាក់ទាញធនធានមនុស្សចូលបម្រើការងារ ការរក្សាពួកគេឱ្យនៅបន្តការងារគឺជាកត្តាស្លាប់រស់របស់អាជីវកម្ម ដែលទាមទារឱ្យឈរលើចំណុចសំខាន់ៗរួមមាន៖
១. ប្រាក់បៀវត្សរ៍ទ្រទ្រង់ជីវភាព ៖ បើទោះបីជាសហគ្រាសធុនតូច និងមធ្យម ជួនកាលមិនអាចផ្ដល់ប្រាក់ខែខ្ពស់ដូចក្រុមហ៊ុនធំៗក៏ដោយ ប៉ុន្តែប្រាក់កម្រៃត្រូវតែស្ថិតក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងបាន និងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក ដូចជាការស្នាក់នៅ និងការហូបចុក។ លោកបានកត់សម្គាល់ថា បុគ្គលិកជាច្រើនចូលរួមដោយសារជឿជាក់លើចក្ខុវិស័យរបស់ក្រុមហ៊ុន ដូច្នេះកម្រិតចំណូលអប្បបរមាដែលសមរម្យ គឺជាការទទួលខុសត្រូវដំបូងក្នុងការធានាស្ថិរភាពជីវិតរបស់ពួកគេ។
២. បរិយាកាសការងារល្អ និងសុវត្ថិភាពខ្ពស់៖ កន្លែងធ្វើការត្រូវតែធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយគ្មានការប្រើហិង្សា គ្មានការជេរស្ដី ឬការបំពានផ្លូវចិត្តបុគ្គលិកឡើយ។ ជាមួយគ្នានេះ បរិយាកាសការងារប្រកបដោយសាមគ្គីភាព មិននិយាយដើមគ្នា មិនច្រណែនឈ្នានីស និងមានថ្នាក់ដឹកនាំដែលតែងតែផ្ដល់ឱកាស គឺជាកម្លាំងចលករដ៏រឹងមាំមួយ។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា នៅពេលកន្លែងធ្វើការមានភាពកក់ក្ដៅ បុគ្គលិកមួយចំនួនសុខចិត្តបដិសេធឱកាសការងារនៅកន្លែងផ្សេង បើទោះបីជាគេផ្ដល់ប្រាក់ខែខ្ពស់ជាងរហូតដល់ ៣០% ក៏ដោយ។
៣. ការផ្ដល់ឱកាស និងអនាគតនៃការលូតលាស់៖ មនុស្សគ្រប់រូបតែងមានមហិច្ឆតាចង់រីកចម្រើន ទាំងផ្នែកចំណូល និងកិត្តិយសតាមរយៈតួនាទី។ ដូច្នេះ សហគ្រាសត្រូវរៀបចំការបណ្ដុះបណ្ដាល ការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបុគ្គលិកមានលទ្ធភាពពង្រឹងសមត្ថភាព ឈានទៅទទួលតួនាទីថ្មី និងទទួលបានប្រាក់ខែខ្ពស់ជាងមុន។
សូមជម្រាបជូនថា ការចែករំលែកបទពិសោធន៍របស់ឧកញ៉ា ឃន ឈុនដារ៉ា នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់សហគ្រិនកម្ពុជា ស្របពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

