តម្លៃប្រេងឆៅអន្តរជាតិ ធ្លាក់ចុះជិត ៤% បន្ទាប់ពីមានកិច្ចចរចាឆ្ពោះទៅរកសន្តិភាពនៅមជ្ឈិមបូព៌ា

អន្តរជាតិ

តម្លៃប្រេងឆៅសកលបានធ្លាក់ចុះជិត ៤% ក្នុងមួយបារ៉ែល ខណៈពេលដែលមន្ត្រីអ៊ីរ៉ង់ និងកាតាបានបើកកិច្ចចរចា សម្រាប់ថ្ងៃទីបីជាប់ៗគ្នា ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៣,២% មកត្រឹម ១០៩,៨ដុល្លារក្នុងមួយបារ៉ែល គិតនៅត្រឹមរសៀលថ្ងៃទី២ ខែវិច្ឆិកា។ ចំណែកឯតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ៣,៦% មកត្រឹម ១០០ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ​ នៅមុនពេលមានការធ្លាក់ចុះនេះ តម្លៃប្រេងឆៅ Brent បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ខែចុងក្រោយ ដែលជំរុញដោយក្តីបារម្ភអំពីការផ្ទុះឡើងវិញនៃជម្លោះក្នុងមជ្ឈិមបូព៌ា បន្ទាប់ពីការបោះឆ្នោតកណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងថា បច្ចុប្បន្នប្រទេរបស់ខ្លួនកំពុងមានការចរចាជាមួយប្រទេសកាតា ក្នុងគោលបំណងបញ្ឈប់ការវាយប្រហារគ្នា។ ជុំវិញកិច្ចចរចាផងដែរ បានកើតឡើងចំពេលដែលមានការវាយប្រហារថ្មីៗនេះទៅលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបានជំរុញឱ្យតម្លៃថាមពល និងការដឹកជញ្ជូនជាសកលកើនឡើងយ៉ាងខ្លាំង៕​