ប្រព័ន្ធខែលការពារដែនអាកាសអ៊ីស្រាអែល ស្ទាក់ចាប់មីស៊ីលអ៊ឺរ៉ង់ បានតែ ៦៥% ប៉ុណ្ណោះ

អន្តរជាតិ

យោងតាមមន្ត្រីចារកម្មអ៊ីស្រាអែល បានឲ្យដឹងថា អត្រាស្ទាក់ចាប់នៃប្រព័ន្ធខែលការពារដែនអាកាសរបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដោយអាចស្ទាក់ចាប់បានត្រឹមតែ ៦៥% ប៉ុណ្ណោះ ពីការវាយឆ្មក់របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៩ ខែមិថុនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន NBC Newsបានដកស្រង់សម្តីរបស់មន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលជាន់ខ្ពស់ដែលមិនបានបញ្ចេញឈ្មោះ ដោយបាននិយាយថា ខែលការពារដែនអាកាសរបស់ប្រទេស អាចស្ទាក់ចាប់បានតែ ៦៥% ប៉ុណ្ណោះ នៃមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារថ្ងៃទី១៩ ខែមិថុនា បើធៀបទៅនឹង ៩០% កាលពីមួយថ្ងៃមុន។

មន្ត្រី​អ៊ីស្រាអែល​ដែល​ធ្លាប់​កាន់​តំណែង​ចារកម្ម​កំពូលរបស់រដ្ឋាភិបាលរូបនេះ បានបង្ហាញឲ្យដឹងទៀតថា អ៊ីរ៉ង់នៅតែមានកាំជ្រួចទំនើបៗខ្លាំង ហើយកំពុងប្រើប្រាស់វា ដើម្បីវាយប្រហារមកលើអ៊ីស្រាអែល។

គួរឲ្យដឹងថាកាំជ្រួចរបស់អ៊ីរ៉ង់ ដែលទើបនឹងបាញ់បង្ហោះថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធកែតម្រូវ និងកំណត់គោលដៅរបស់ស្ថានីយ ដែលបង្កើនភាពត្រឹមត្រូវរបស់វា អំឡុងពេលហោះហើរទៅកាន់គោលដៅ។ កាំជ្រួច​ទាំង​នោះ​ក៏​មាន​ល្បឿន​លឿន​ផង​ដែរ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល ​មាន​ពេល​តិច​ក្នុង​ការ​ប្រតិកម្ម។

ទន្ទឹមនឹងនេះមន្ត្រីអ៊ីស្រាអែល បានសារភាពថា ពីមុនយើងបានទទួលការព្រមានប្រហែលពី ១០-១១នាទី មុនពេលមីស៊ីលវាយប្រហារគោលដៅ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងការវាយប្រហារថ្ងៃទី១៩ ខែមិថុនាកន្លងទៅ មីស៊ីលអ៊ីរ៉ង់ចំណាយពេលត្រឹមតែ ៦-៧នាទីប៉ុណ្ណោះដើម្បីទៅដល់គោលដៅរបស់ពួកគេ ដែលលឿនជាងគ្រាប់មុនៗ។

យោងតាមអ្នកជំនាញមួយចំនួនជឿថា អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលផ្លោងចាស់ៗមួយចំនួនធំ បាញ់ចូលនៅក្នុងវាយឆ្មក់លើកដំបូង ដើម្បីធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់សត្រូវចុះខ្សោយ ហើយបន្ទាប់មកពួកគេបានប្តូរទៅប្រើអាវុធទំនើបៗដែលមានសមត្ថភាពវាយលុកបានប្រសើរជាងមុន។

ក្រុមអ្នកជំនាញ ក៏បានព្រមានផងដែរថា បើសង្គ្រាមនៅតែបន្តអូសបន្លាយនៅក្នុងកម្រិតខ្លាំង ដូចពេលបច្ចុប្បន្ននេះ អ៊ីស្រាអែល​ គឺមិនអាចទៅរួចជាមួយអឺរ៉ង់នោះឡើយ។ យោងតាម ​​Marker ដែលជាកាសែតហិរញ្ញវត្ថុឈានមុខគេរបស់អ៊ីស្រាអែល បានរាយការណ៍ថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីល បានធ្វើឲ្យប្រទេសនេះ ត្រូវចាយលុយរហូតដល់ទៅ ២៨៥លានដុល្លារឯណោះ ក្នុងមួយយប់៕