មន្ត្រីអ៊ីរ៉ង់ ប្រៀបប្រដូចច្រកសមុទ្រ Hormuz ទៅនឹងគ្រាប់បែកបរមាណូ​

អន្តរជាតិ

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានធ្វើការប្រៀបធៀបការគ្រប់គ្រងច្រកសមុទ្រ Hormuz ទៅនឹង​ ការមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ ដោយអះអាងថាទីក្រុងតេអេរ៉ង់នឹងមិនបោះបង់ចោលសមិទ្ធផលនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mohammad Mokhber ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz គឺតំណាងឱ្យឱកាសដ៏មានតម្លៃដូចជាមានគ្រាប់បែកបរមាណូដែរ។

មិនតែប៉ុណ្ណោះ លោក Mokhber ថែមទាំងបានអះអាងទៀតថាអ៊ីរ៉ង់នឹងមិនបោះបង់ចោលអត្ថប្រយោជន៍នៃជម្លោះនោះទេ ដោយបន្ថែមថាទីក្រុងតេអេរ៉ង់នឹង ផ្លាស់ប្តូររបបច្បាប់នៃការគ្រប់គ្រងច្រកសមុទ្រ Hormuz តាមរយៈច្បាប់អន្តរជាតិប្រសិនបើអាចធ្វើទៅបាន ប៉ុន្តែក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពឯកតោភាគីប្រសិនបើចាំបាច់។

យ៉ាងណាមិញ មន្ត្រីអ៊ីរ៉ង់មិនបានលើកឡើងជាក់លាក់អំពីការគិតថ្លៃសម្រាប់កប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ប៉ុន្តែបើយោងតាមទស្សនាវដ្តីដឹកជញ្ជូន Lloyd’s List បានរាយការណ៍នៅថ្ងៃដដែលនោះថា ទីក្រុងតេអេរ៉ង់បានបង្កើតភ្នាក់ងារមួយដើម្បីអនុម័តប្រតិបត្តិការដឹកជញ្ជូន និងប្រមូលថ្លៃសេវាសម្រាប់ការឆ្លងកាត់ផ្លូវសមុទ្រដ៏សំខាន់នេះ។

គួរជម្រាបជូនថា ច្រកសមុទ្រ Hormuz គឺជាចំណុចកណ្តាលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ នៅក្នុងសម័យសន្តិភាព វាគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយ ដោយ ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកពីរដ្ឋឈូងសមុទ្រ បានឆ្លងកាត់ច្រកនេះដោយសេរីក្រោមច្បាប់អន្តរជាតិ៕​