យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃទី៩ ខែតុលាថា ប្រទេសថៃ នឹងចំណាយទឹកប្រាក់ចំនួន ១០ពាន់លានបាត ឬស្មើប្រមាណ ៣០៧លានដុល្លារ ដើម្បីទិញបំណុលអាក្រក់ នៅក្នុងខែនេះ ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងការស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះយ់ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសរព័ត៌មាន CNA។

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង ចំពេលកម្រិតដ៏ខ្ពស់នៃបំណុលគ្រួសាររបស់ប្រទេសថៃ បានរារាំងដល់សេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ជាមួយនឹងសមាមាត្រនៃបំណុលគ្រួសារធៀបទៅនឹងផលិតផលក្នុងស្រុកសរុប បានឈានដល់ ៨៦,៨% គិតនៅត្រឹមចុងខែមិថុនា ដែលជាកម្រិតខ្ពស់ជាងគេបំផុត នៅអាស៊ី។ ចំនួនបំណុលសរុបរបស់ប្រទេសថៃ មានប្រមាណ ១៦,៣ទ្រីលានបាត (៥០១ពាន់លានដុល្លារ)។
យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានប្រាប់អ្នកយកព័ត៌មានថា៖” គម្រោងទិញបំណុលអាក្រក់ នឹងត្រូវបានផ្តល់មូលនិធិពីកញ្ចប់ថវិកា ២៦ពាន់លានបាត ដែលនៅសេសសល់ពីមូលធិនិស្តារនីតិសម្បទាពីមុន និងការកាត់វិភាគទាន ដោយមិនប្រើប្រាស់ថវិកាសារពើពន្ធណាមួយឡើយ” ។
ទន្ទឹមនឹងនេះ លោក Ekniti បានបន្តទៀតថា វិន័យសារពើពន្ធនឹងត្រូវបានពង្រឹងដើម្បីបង្កើនទំនុកចិត្ត ហើយក៏នឹងមានការគាំទ្រសម្រាប់ការវិនិយោគថ្មី ក្នុងវិស័យបច្ចេកវិទ្យាផងដែរ៕

