ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សហគ្រិន និងម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) គួរមានការយល់ដឹងជាមូលដ្ឋានអំពីច្បាប់ស្តីពីការងារ និងរៀបចំលក្ខខណ្ឌការងារឱ្យបានច្បាស់លាស់ ស្របតាមបទដ្ឋានអប្បបរមានៃច្បាប់ ដើម្បីអាចស្រូបទាញ និងរក្សាទុកកម្លាំងពលកម្មជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យបម្រើការងារបានយូរអង្វែង។


ការលើកឡើងនេះរបស់លោកឧកញ៉ា ធ្វើឡើងក្នុងកម្មវិធីផ្សាយផតខាស់ (Podcast) ក្រោមប្រធានបទ «ជំនាញ TVET ក្នុងវិស័យ SMEs តម្រូវការរបស់សហគ្រិនភាព» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ឧកញ៉ា សុខ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការរៀបចំលក្ខខណ្ឌការងារឱ្យបានច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់សហគ្រាសនានា។ លោកបានពន្យល់ថា មិនចាំបាច់ទាល់តែម្ចាស់អាជីវកម្មយល់ដឹងច្បាប់ការងារទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងហោចណាស់ត្រូវចេះចំណេះដឹងទូទៅ និងគោលការណ៍គ្រឹះនៃច្បាប់ការងារ ដើម្បីធានាថា បុគ្គលិកដែលបញ្ចប់ការសិក្សាពីសាលាបណ្តុះបណ្តាលជំនាញ TVET ទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវតាមកម្រិតអប្បបរមាដែលច្បាប់បានកំណត់។
លោកឧកញ៉ាបានលម្អិតថា លក្ខខណ្ឌការងារអប្បបរមាដែលនិយោជកត្រូវរៀបចំជូនបុគ្គលិក រួមមាន៖ របបឈប់សម្រាក ដោយធានាឱ្យមានការឈប់សម្រាកប្រចាំសប្តាហ៍ និងការឈប់សម្រាកបុណ្យជាតិស្របច្បាប់។ ទន្ទឹមនឹងនោះ និយោជកត្រូវចុះបញ្ជី និងបំពេញកាតព្វកិច្ចរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមូលនិធិសោធននិវត្តន៍ ដើម្បីធានាស្ថិរភាព និងគាំពារជីវិតរបស់បុគ្គលិកនៅពេលឈានដល់វ័យចូលនិវត្តន៍។
ប្រធានសហព័ន្ធនិយោជករូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើសហគ្រាសមិនបានរៀបចំលក្ខខណ្ឌការងារទាំងនេះឱ្យបានត្រឹមត្រូវទេ នោះក្រុមហ៊ុននឹងប្រឈមមុខនឹងការលំបាកទាំងការជ្រើសរើសបុគ្គលិកថ្មី និងការលំបាកក្នុងការរក្សាទុកបុគ្គលិកចាស់ នៅពេលដែលអាជីវកម្មចាប់ផ្តើមរីកចម្រើន។ បញ្ហាប្រឈមនេះ មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាទិដ្ឋភាពទូទៅនៅទូទាំងសកលលោក។
ជាចុងក្រោយ ឧកញ៉ា សុខ ពិសិដ្ឋ បានក្រើនរំលឹកដល់សហគ្រិនទាំងអស់ ត្រូវចេះបន្ស៊ាំខ្លួន និងកែសម្រួលការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនម្តងបន្តិចៗ។ លោកបានបញ្ជាក់ថា អាជីវកម្មណាដែលចេះបត់បែន និងកែប្រែឱ្យស្របតាមស្តង់ដារ ទើបអាចអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនធំបាន រីឯអាជីវកម្មដែលមិនព្រមបត់បែន នឹងនៅតែបន្តស្ថិតក្នុងកម្រិតអាជីវកម្មខ្នាតតូច ឬមធ្យមរហូត ហើយមិនអាចបោះជំហានទៅមុខបានឡើយ៕

