ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច របស់អ្នកឧកញ៉ា សុខ គង់ ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន LPG ឬហ្គាស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។

តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានគូសបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនសម្រេចផ្អាកផ្គត់ផ្គង់ឧស្ម័ន LPG គឺដោយសារស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា ដែលបន្តរហូតដល់បច្ចុប្បន្ននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG ទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នា។ ក្នុងស្ថានភាពនេះ ក្រុមហ៊ុនសូគីម៉ិច មិនអាចនាំចូលឧស្ម័ននេះតាំងពីដើមខែមីនា ឆ្នាំ២០២៦ មក ដូច្នេះក្រុមហ៊ុនមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការទីផ្សារបានទៀតនោះទេ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានចេញវីដេអូបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៧ ហើយក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន LPG ប្រមាណតែ ៣% ប៉ុណ្ណោះក្នុងទីផ្សារកម្ពុជា។ ដូច្នេះបើសិនជាក្រុមហ៊ុនសូគីម៉ិច នៅបន្តមិនអាចរកប្រភពនាំចូលឧស្ម័ន LPG បាន កម្ពុជាក៏នៅមានក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងៗទៀត ដែលនៅអាចបន្តការផ្គត់ផ្គង់លើទីផ្សារជូនអតិថិជនបាន។ ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួយសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទ ពិសេសគឺឧស្ម័ន LPG នេះតែម្តង ដែលប្រើប្រាស់សម្រាប់ការចម្អិនអាហារ ឬជាឥន្ធនៈសម្រាប់ចាក់លើរថយន្តតាក់ស៊ី និងរ៉ឺម៉កកង់បី (PassApp) ជាដើម៕




