ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល បានជូនចៅស្រីទៅចូលរៀនថ្ងៃដំបូងនៅសាលា ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School) ដែលជាសាលាលោកបង្កើតឡើងដោយផ្ទាល់ដៃក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ កាលពី ២២ឆ្នាំមុន។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា កាលពី ២២ ឆ្នាំមុន លោកបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ ធ្វើយ៉ាងណាផ្ដល់ឱកាសឱ្យកុមារកម្ពុជា ទទួលបានការអប់រំអន្តរជាតិ ដែលមានគុណតម្លៃស្មើនឹងការអប់រំនៅបណ្ដាប្រទេសធំៗជុំវិញពិភពលោក”។
«រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែជឿជាក់លើចក្ខុវិស័យនេះដដែល ព្រោះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំមកចូលរៀនថ្ងៃដំបូងនៅ ស៊ី អាយ អេ ហ្វឺសត៍។ ហើយខ្ញុំជ្រើសរើសសាលានេះមិនមែនក្នុងនាមជាស្ថាបនិកនោះទេ ប៉ុន្តែគឺក្នុងនាមជាជីតាម្នាក់ ដែលតែងតែស្វែងរកសាលាដ៏ល្អបំផុតសម្រាប់ចៅស្រី»។ លោកឧកញ៉ាបណ្ឌិត បានបន្ថែម។
ក្នុងនាមជាស្ថាបនិក លោកឧកញ៉ាបណ្ឌិតក៏សូមថ្លែងអំណរគុណដល់លោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែផ្ដល់ទំនុកចិត្តដល់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
សូមជម្រាបថា ឧកញ៉ាបណ្ឌិត ត្រាំង លី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក នៃសាលា CIA First International School និងក្រុមហ៊ុន GA General Engineering ដែលវិនិយោគលើវិស័យអប់រំ ចំណេះទូទៅ មជ្ឈមណ្ឌលភាសាអង់គ្លេស ការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ គ្រឿងបរិក្ខារ ប្រព័ន្ធបឺតខ្យល់ ជាដើម។ លោកឧកញ៉ាបណ្ឌិត ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ៕







