អ្នកឧកញ៉ា ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា បានជួយសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី និងបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់បើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើង កាលពីថ្ងៃពុធម្សិលមិញដូច្នេះថា៖ “ខ្ញុំបាទចូលរួម បើកការដ្ឋានសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ម៉មវណ្ណឌី”។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា គឺមានទីតាំងស្ថិតនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
កាលខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ក៏បានប្រកាសស្ម័គ្រចិត្តជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត ផងដែរ សម្រាប់មន្ត្រីបម្រើការងារក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហាជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈកាន់តែមានភាពប្រសើរឡើង។
គួររំឮកផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធាន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅរំឮកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់កិត្តិយស និងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម៕








