នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយ លោកស្រី Guan Wei ទីប្រឹក្សាទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Wei Liang លេខាទី១ និង អ្នកនាង Xu Peiqi អនុព័ន្ធទទុលបន្ទុកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជាលេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យមើលទៅលើលទ្ធផលនៃការនាំចេញអង្ករកម្ពុជាទៅចិន នាពេលកន្លងមក និងវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
សូមជម្រាបថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៦។ យោងតាមទិន្នន័យចុងក្រោយបង្អស់ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១២៩,៣៣២ តោន ទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ តម្លៃនាំចេញសរុបមានចំនួន ៧៥.៨៨ លានដុល្លារ៕







