អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូ​សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ដែលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង បានសហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones – APF) រៀបចំពិធីជប់លៀងស្វាគមន៍គណៈប្រតិភូ និងថ្នាក់ដឹកនាំ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ដែលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវេទិកាសហគ្រិន​ហ្វ្រង់កូហ្វូនលើកទី៦ (Rencontre des Entrepreneurs Francophones – REF 2026) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមមួយ​របស់កិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនីលើកទី២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជប់លៀងស្វាគមន៍នេះ ប្រព្រឹត្តទៅក្រោមអធិតបីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចូលរួមពី លោក អាមេត ស៊ីសសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន រួមនិងគណៈ​ប្រតិភូ​ធុរកិច្ចជាន់ខ្ពស់ ដៃគូស្ថាប័ន និងថ្នាក់ដឹកនាំវិស័យឯកជន។ វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ត្រូវបាន​រៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍​ហ្វ្រង់កូហ្វូន» (Innovation: Catalysts for a Sustainable and Integrated Francophonie) ហើយជា​ព្រឹត្តិការណ៍​លើកដំបូងបង្អស់ដែលបានមកប្រារព្ធធ្វើឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់​ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់​បណ្តាញសម្ព័ន្ធ​និយោគហ្រ្វង់​កូហ្វូន​មកកាន់ទ្វីបអាស៊ី។ អ្នកឧកញ៉ា គូសបញ្ជាក់ថា «ការជួបជុំជាប្រវត្តិសាស្ត្រនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលជាក់ស្តែងចេញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ដែលបានចុះហត្ថលេខាកាលពីជាងពីរឆ្នាំមុន ពោលគឺឆ្នាំ២០២៤ រវាងសភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន នៅទីក្រុងប៉ារីស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វេទិកាសហគ្រិនហ្រ្វង់កូហ្វូន ត្រូវបានរៀបចំជាបន្តបន្ទាប់នៅទីក្រុងប៉ារីស អាប៊ីដហ្សង់(Abidjan) កេបិច​(Quebec) ម៉ារ៉ាកេស (Marrakech) និងប្រាហ្សាវីល (Brazzaville) ពេលនេះបានមកដល់ទ្វីបអាស៊ីជាផ្លូវការ។ កម្ពុជា គឺជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន និង អាសិប (RCEP) ដែលផ្តល់ជូនសហគ្រិនហ្វ្រង់កូហ្វូន​ទូទាំង​ពិភពលោកនូវច្រកទ្វារយុទ្ធសាស្ត្រ បើកចំហរឆ្ពោះទៅកាន់អ្នកប្រើប្រាស់ជាង ៧០០ លាននាក់។ ការជួបជុំ​នាពេលនេះ មិនត្រឹមតែ ជាការជួបជុំប្រកបដោយភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃភាព​ជាដៃគូវិនិយោគរួមគ្នាប្រកបដោយនិរន្តរភាព និងច្រករបៀងពាណិជ្ជកម្មតភ្ជាប់ទ្វីបអាហ្វ្រិក អឺរ៉ុប អាមេរិក និងអាស៊ី។»

សូមជម្រាបថា កម្មវិធីទទួលស្វាគមន៍នេះ ក៏មានការថ្លែងសុន្ទរកថាដោយ លោក អាមេត ស៊ីសសេ (Ahmed Cissé) ប្រធានសម័ន្ធនិយោជកហ្រ្វង់កូហ្វូន ព្រមទាំងសុន្ទរកថាបើកជាផ្លូវការរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ គណៈប្រតិភូទាំងអស់បានចាប់ផ្តើមការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច មុនពេលឈានចូលដល់កម្មវិធីកិច្ចពិភាក្សាស៊ីជម្រៅរយៈពេលពីរថ្ងៃពេញបន្តបន្ទាប់ទៀត ដែលផ្តោតលើវិស័យកសិ-ឧស្សាហកម្មកែច្នៃបន្ថែមតម្លៃ ភស្តុភារកម្ម ការផ្លាស់ប្តូរថាមពលបៃតង នវានុវត្តន៍ឌីជីថល និងច្រករបៀងវិនិយោគ​ក្នុងតំបន់។