តារាចម្រៀងល្បីឈ្មោះ ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានជ្រើសរើសជាពិសេសសម្រាប់ការសម្ដែងចម្រៀងដោយផ្ទាល់ ជូនដល់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងឥស្សរជនជាន់ខ្ពស់នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង នៅក្នុងឱកាសពិធីលៀងសាយភោជន៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពអនុស្សាវរីយ៍ឈរថតរូបរួមគ្នាជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង និងភរិយា លោកជំទាវ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) ព្រមទាំងបានសម្ដែងការគោរពចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំកំពូលបារាំងទាំងពីររូប ដែលបានបង្ហាញក្ដីស្រឡាញ់ ស្នាមញញឹម និងភាពកក់ក្ដៅចំពោះប្រជាជនខ្មែរគ្រប់ៗគ្នា។
គួររំឭកផងដែរថា នៅក្នុងឱកាសនៃពិធីលៀងសាយភោជន៍ដដែលនោះ ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា លោកជំទាវ ប្រ៊ីហ្សីត ម៉ាក្រុង ក៏បានចុះទៅថតរូបសែលហ្វីយ៉ាងស្និទ្ធស្នាល និងរីករាយជាមួយក្រុមសិល្បៈការិនី និងសិល្បករខ្មែរដែលបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិផងដែរ៕





