ផ្តើមពីមាសពីរជី អ្នកឧកញ៉ា លី ហួរ ក្តោបជំនួញប្រមាណ ៨ ក្រុមហ៊ុនក្នុងពហុវិស័យនៅពេលបច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា

បច្ចុប្បន្នក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើនរណានៅពីក្រោយភាពជោគជ័យដ៍ចេះត្រចង់នេះ ហើយមានមនុស្សប៉ុន្មាននាក់រួមដំណើរ ឧកញ៉ាញូស៍ លាតត្រដាងដូចតទៅ៖

បើនិយាយដល់អ្នក​ឧកញ៉ា​ លី ហួរ ដើមឡើយលោកគឺជា​កូន​កសិករ នៅស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ ខណៈដែលលោក​កំព្រា​​ឪពុក​តាំងតែ​ពី​អាយុ ៩​ឆ្នាំមកម្លេះ។​​ ​​អាយុ ១៨​ឆ្នាំ លោកបានចូលរួមជាមួយ​យុវជន​ដែលមាន​កាតព្វកិច្ច​សំខាន់​ណាស់​ក្នុងការ​ការពារជាតិ បម្រើ​ជាតិ ជា​កម្លាំង​ពិសេស​ជួរមុខ​នៅ​សមរភូមិ​ប្រយុទ្ធ លោក​មិនដែល​បានរស់នៅ​ជួបជុំ​គ្រួសារ​សាច់ញាតិ​នោះឡើយ​។​

​នៅឆ្នាំ​១៩៨០ លោក លី ហួរ​ បាន​ចិញ្ចឹម​ជ្រូក​មួយ​ក្បាល​ លុះ​ឈាន​ចូលដល់​ឆ្នាំ​១៩៨២ លី ហួរ។ ក្រោយមកបាន​ផ្លាស់​ប្តូររកស៊ីលក់ទំនិញ​កំប៉ិកកំប៉ុក​វិញ​ម្តង បន្ទាប់ពី​រូបលោក​សល់​ដើមទុន​ប្រមាណ ២​ជី​មាស ដែលបានមកពី​ការលក់​ជ្រូក​មួយ​ក្បាល​​ ហើយលោកក៍ធាក់​កង់​​ដឹក​ស្ករ​ពី​ស្គន់ ផ្អាវ ទៅ​លក់​នៅ​ក្រុង​សួង និង​មេមត់ទៀតផង​។​

ជំហានបន្ទាប់ លោក លី ហួរ បាន​ទៅ​ជួញដូរ​ក្រណាត់ សារុង ប៊ីចេង ពី​ប្រទេស​ថៃ មក​លក់​ដូនៅក្នុង​ប្រទេស​កម្ពុជាវិញម្តង។ ​

លុះដល់ឆ្នាំ​ ១៩៨៥ លោក​ និងភរិយា បានមើលឃើញ​​ឱកាស​ទីផ្សារ​ទិញ​លក់​មាស ក៏បាន​ចាប់ផ្តើម​ជួញដូរ​ទិញ​លក់​មាស​។ ឆ្នាំ១៩៨៦ អាជីវកម្មប្តូរប្រាក់ ដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់ផ្តើមបង្កើតឡើងដោយលោក លី ហួរ និងលោកស្រី ស៊ាង លីម ត្រូវជាភរិយា ដើម្បីផ្តល់សេវាប្តូរប្រាក់ជូនអតិថិជននៅរាជធានីភ្នំពេញ។

មុខរបរទិញលក់មាសហ្នឹងហើយ ដែលនាំឲ្យលោកនិងភរិយា ឈានមកកាន់កាប់ក្រុមហ៊ុនគ្រាក់ៗ និងជោគជ័យឥតឈប់នៅពេលបច្ចុប្បន្ននេះ។

​រយៈពេល​ជាង ៣ ទស្សវត្សកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានស្គាល់ថា ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ល្បីល្បាញ​ និងជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​មុខ​ជំនួញ​។ គិតមកដល់បច្ចុប្បន្ននេះលោកមានអាណាចក្រជំនួញធំៗចំនួន ៨ ក្រុមហ៊ុនក្នុងពហុវិស័យដែល​កំពុងតែ​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​សកម្ម​របស់ខ្លួន៖

១.ក្រុមហ៊ុន លី ហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ជាសហភាគទុនិកចាប់តាំងពីឆ្នាំ១៩៨៦ ហើយមានដើមទុនជាមាសចំនួនពីរជី ស្ថិតនៅចន្លោះផ្សារធំថ្មី ផ្សារអូឫស្សី និងផ្សារអូឡាំពិក។

២.ក្រុមហ៊ុន លី​ ហួរ ហាង​បញ្ចាំ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទទួលបញ្ចាំចលនទ្រព្យ និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។ 

៣.ក្រុមហ៊ុន​ អភិវឌ្ឍន៍​លំនៅឋាន​បុរី​វិមាន​ភ្នំពេញ  ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

៤.ក្នុងខែតុលា ឆ្នាំ២០១២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។

៥.ក្រុមហ៊ុន ​ទេពីវិនិយោគក​សិ​-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីពង្រីកការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។ ហើយក្រុមហ៊ុន ទេពី អាក្រូ វិនិយោគនេះ បានបង្កើតបុត្រសម្ព័ន្ធចំនួន បីបន្ថែមទៀត រួមមាន ក្រុមហ៊ុន អិកស៍ អិល អិកស៍ អាហ្រ្គោ ក្រុមហ៊ុន អិកស៍អិល អិកស៍ ស៊ីង ស៊ីង និងក្រុមហ៊ុន បាយអូហ្គាដិន។

៦.ក្រុមហ៊ុន លី​ហួរ លី​ស៊ី​ង ភីអិលស៊ី ផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុ សម្រាប់ការបង់រំលស់យានយន្ត (រថយន្ត ម៉ូតូ និងម៉ូតូកង់បី) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ ដោយចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

៧.​ក្រុមហ៊ុនផេ​ប៉្រូភីអិលស៊ី ដែលវិនិយោគលើដំណើរការប្រតិបត្តិការជាភាគីទីបីដោយផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ និងប្រគល់ដោយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

៨–ក្រុមហ៊ុនលីហួរ អ៊ិនសួរេន ម.ក  ដែលធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ មានទុនចុះបញ្ជីសរុបចំនួន ៧,៧លានដុល្លារអាមេរិក ដោយទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ និងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ខែមករា ឆ្នាំ២០១៨៕