អ្នកឧកញ៉ា គិត ម៉េង៖ ការរក្សាអតិថិជនជាចំណុចសំខាន់បំផុតដែលបានធ្វើឱ្យធនាគារ វីង ទទួលភាពជោគជ័យ 

ជុំវិញ​ឧកញ៉ា

ធនាគារ វីង របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានបើកសម្ពោធជាផ្លូវការនៃអាជ្ញាប័ណ្ណពាណិជ្ជកម្មនូវសាខាចំនួន ២បន្ថែមទៀត គឺនៅសាខាសែនសុខ និងសាខាវិមានឯករាជ្យ ក្រោមវត្តមាន លោកបណ្ឌិត ហ៊ុន ម៉ាណែត ឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ ខណៈដែលអ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកជាសមិទ្ធផលដ៏ធំធេងក្នុងប្រវត្តិប្រតិបត្តិការរបស់ធនាគារ វីង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាថា ការសម្ពោធនេះក៏បង្ហាញពីផលិតផលថ្មី ប្រព័ន្ធអេកូធនាគារឌីជីថលដ៏ធំ និងពង្រីកសេវាកម្មធនាគារបន្ថែមទៀត ដើម្បីបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយ។

បើតាមអ្នកឧកញ៉ា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង១៣ឆ្នាំ វីង បានក្លាយជាម៉ាកយីហោដែលគួរឱ្យទុកចិត្តក្នុងការប្រើប្រាស់ជាទីបំផុតនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធនាគារ វីង បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា វីង ពិតជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយពួកយើងបានបម្រើអ្នកប្រើប្រាស់ជាង១៣លាននាក់មកហើយ។ អ្នកគ្រាន់តែចុចតែម្តងប៉ុណ្ណោះ ដើម្បីផ្ញើប្រាក់គ្រប់ពេលតាមរយៈកម្មវិធី ធនាគារ វីង ជាមួយនឹងភ្នាក់ងារវីងជាង ១០,០០០កន្លែង ទៅកាន់ជាង២០០ប្រទេស និងតំបន់ជុំវិញពិភពលោក ក៏ដូចជាក្រុមហ៊ុនសាជីវកម្មចំនួន៥០០ ស្ថាប័នរាជរដ្ឋាភិបាលចំនួន១០ និងដៃគូពាណិជ្ជករជាង ៨០,០០០ទៀត”។

បន្ថែមទៀតនោះ អ្នកឧកញ៉ាថ្លែងគូសបញ្ជាក់ថា៖ “ការរក្សាអតិថិជនជាចំណុចសំខាន់បំផុតនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ ដែលបានធ្វើឱ្យធនាគារ វីង ទទួលបានភាពជោគជ័យ និងទំនុកចិត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ យើងនឹងខិតខំប្រឹងប្រែងតទៅទៀតដើម្បីស្វែងរកមធ្យោបាយថ្មីៗ និងប្រសើរជាងមុន ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជន និងប្រជាជនកម្ពុជាកាន់តែប្រសើរទ្បើង ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់”។

អ្នកឧកញ៉ាថ្លែងបញ្ជាក់បន្ថែមថា ធនាគារ វីង បន្តប្តេជ្ញានាំយកបច្ចេកវិទ្យាទំនើបក្នុងវិស័យធនាគារមកកម្ពុជា ដើម្បីបម្រើអតិថិជនរបស់យើង និងជួយជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ដោយអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុ។

សូមជម្រាបជូនថា សព្វថ្ងៃនេះ ធនាគារវីង បានបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម៕