មកដឹងប្រវត្តិ KW Cambodia League ក្រុមឈ្នះពានទទួលបាន ១ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

ការប្រកួតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW (Keller Williams) Cambodia League ដែល​បង្កើត​ឡើង​ដោយ​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ​​បាន​វិល​ត្រឡប់​មក​វិញ​​ហើយ។ សម្រាប់​ឆ្នាំ​២០២២​នេះ គឺជា​រដូវ​កាល​ទី​១០ ​​​​ហើយ​នឹង​មាន​​ក្រុមបាល់ទាត់ ១៦​ក្រុម​ចូល​រួម ​​​ខណៈ​ដែល​ការ​ប្រកួត​ជា​ផ្លូវ​ការ​ នឹង​ចាប់​ផ្តើម​​ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។ តើ​ពាន​រង្វាន់​​​មួយ​នេះ​ មាន​ប្រវត្តិ​បែប​ណា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមាន សំណាង ​​បាន​ថ្លែង​ប្រាប់​ឧកញ៉ាញ៉ូស៍ ឱ្យ​ដឹង​ថា ពាន​រង្វាន់​ KW Cambodia League ​​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ ​​ដោយ​ប្រើ​ពាក្យ​ថា​ Khmer Real Estate League ​​ដែល​ពេល​នោះ​មាន​ត្រឹម ១២​ក្រុម​ចូល​រួម។ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ​​នៅ​តែ​ប្រើ​ឈ្មោះ​ថា Khmer Real Estate League ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ដដែល។ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩​មក ​​​លីគ​មួយ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ KW Cambodia League ​​រហូត​មក​ដល់​បច្ចុប្បន្ន​ លើក​លែង​ឆ្នាំ​២០២១ ​​ដែល​​ពុំ​បាន​រៀប​ចំ​ការ​ប្រកួត ដោយសារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លោកឧកញ៉ា ​​បាន​បញ្ជាក់​បន្ថែម​ថា ​ពាន​រង្វាន់​មួយ​នេះ​ ជា​ពានរង្វាន់​ឯកជន​ចាស់​វស្សា​ជាងគេ និង​ធំ​ជាង​គេ។ ក្រុម​ដែល​ចូល​លេង​​ក្នុង​ពាន​នេះ គឺ​កីឡាករ​ចាប់​ពី​ពាក់​កណ្តាល​អាជីព​ឡើង​ទៅ ​និង​លក្ខខណ្ឌ​បើក​ចំហរ​ ទោះ​ក្រុម​លេង​នៅ​ Cambodia League 2 ឬ​កីឡាករ​បរទេស​ក៏​អាច​ចូល​រួម​បាន​ ​​លើក​លែង​​​តែ​ក្រុម​លេង​​នៅ​លីគ​កំពូល​កម្ពុជា។ ក្នុង​ចំណោម​១៦​ក្រុម ក៏មាន​ក្រុម​បរទេស​ ៤ឬ៥​ក្រុម​​ចូល​រួម​ផង​ដែរ។ យ៉ាងណា​មិញ សម្រាប់​ក្រុម​​​របស់​លោក​ឧកញ៉ា​ផ្ទាល់ Khmer United FC ​សមាជិក​សរុប ២៥​នាក់ គឺ​មាន​​កីឡាករ​បរទេស​ចំនួន ៦​នាក់។

KW Cambodia League ជា​ពាន​រង្វាន់​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ ដែល​លេង​រៀង​រាល់​ថ្ងៃ​សៅរ៍-អាទិត្យ នៅ​វិទ្យាល័យ​បឹង​ត្របែក ដោយ​មួយ​ថ្ងៃ​លេង​ ៤​ប្រកួត និង​៨​ប្រកួត ក្នុង​មួយ​សប្តាហ៍។ ដោយសារ​មាន​១៦​ក្រុម ​​ដូច្នេះ​ត្រូវ​លេង​ ១៥​ប្រកួត​សម្រាប់​ក្រុមនីមួយៗ ហើយ​ក្រុម​ណា​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ ​​នឹង​លើក​ពាន KW Cambodia League ជាមួយ​នឹង​ទឹក​ប្រាក់រង្វាន់ ១ម៉ឺន​ដុល្លារ។ ចំណែក​លេខ​២ ដល់​លេង​៥ ​​នឹង​ត្រូវ​លេង​វគ្គ​ខ្វែង​​ជម្រុះ ហើយ​ក្រុម​ណា​ឈ្នះ នឹង​លើក​ពាន KW Cambodia Cup ​​ហើយ​សម្រាប់​ពាន Cup ​​នេះ​ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៥០០០​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ជា​ការ​អបអរ​ពិធី​បើក​ពាន​រង្វាន់ KW Cambodia League 2022 ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ​​ក៏​បាន​បង្កើត​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ​ផង​ដែរ គឺ​ការ​ប៉ះ​គ្នា​រវាង​ក្រុម TN Kandal FC ​​ម្ចាស់​ជើង​ឯក KW Cambodia League 2020 ​​និង​ Khmer United FC ​​ម្ចាស់​ជើង​ឯក KW Cambodia Cup 2022 នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២២ ខណៈ​ដែល​ការ​ប្រកួត​នេះ ​​នឹង​យក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕​​​​