មហាសេដ្ឋីម្នាក់ មានកាស៊ីណូ ៤កន្លែងនៅតាមព្រំដែន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Crown Resort Co.,Ltd ​​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Crown Casino ​​​​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ កាល​ខែ​មេសា ឆ្នាំ​១៩៩៩ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​បម្រើ​សេវា​កម្សាន្ត​ល្បែង​កាស៊ីណូ​ដ៏​សម្បូរ​បែប​ ជាមួយ​នឹង​បុគ្គលិក​មាន​បទពិសោធន៍ និង​រួសរាយ​រាក់ទាក់។ បច្ចុប្បន្ន​ទីតាំង​ដំបូង​នេះ ​​ត្រូវ​បាន​​បំបែក​ជា​អគារ​ជាប់ៗ​គ្នា​ចំនួន​៤ គឺ​ Golden Crown, Princess Crown, Genting Crown និង Dreamworld។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន Crown Resort បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ ​​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​កម្ពុជា-វៀតណាម ដោយ​បាន​បង្កើត Crown Casino ​​នៅ​​តំបន់​ជ្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ខែ​មិថុនា ឆ្នាំ​២០០៥, បង្កើត​ Crown Casino នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ ក្នុង​ខែ​​មិថុនា ឆ្នាំ​២០១០ និង​បង្កើត​ទីតាំង​ទី​៤ Crown Casino ​​នៅ​​ខេត្ត​ប៉ៃលិន ​​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣។

ស្ថាបនិក​របស់​កាស៊ីណូ​ទាំង​៤​ទីតាំង​ខាង​លើនេះ​ គឺ​អ្នកឧកញ៉ា កុក អាន។ អ្នកឧកញ៉ា កុក អាន ជា​​លំដាប់​មហាសេដ្ឋី​ជើង​ចាស់​​ឈាន​មុខ​គេ​មួយ​រូប​នៅ​កម្ពុជា ដែល​លោក​មាន​មុខ​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ​​ ​ព្រម​ទាំង​មាន​តួនាទី​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​​របស់​ជាតិ​ផង​ដែរ។ មហាសេដ្ឋី កុក អាន ​អគ្គនាយកក្រុមហ៊ុន Anco Group ​មាន​ឈ្មោះដើម ភូ កុកអាន កូនកាត់ចិន ឬ ចៅចិន កើតនៅខេត្តកោះកុង ខែកក្កដា ឆ្នាំ១៩៥៤។

អ្នកឧកញ៉ា កុក អាន មានមុខជំនួញ និង​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុនចែកចាយបារី​ Anco Brother Co., Ltd, ក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារ និងការកម្សាន្ត Crown Resort Co.,Ltd, ក្រុមហ៊ុនបណ្តាញ​អគ្គីសនី Anco Electricity Co., Ltd, ក្រុមហ៊ុនចែកចាយអគ្គីសនី Khmer Electrical Power Co., Ltd, រោងចក្រ រោងចក្រ Ice Cream &Pure Drinking Water, ធនាគារ ឯកទេស អានកូ (Anco Specialized Bank) និងជា​​ស្ថាបនិកក្លិប​បាល់ទាត់​ភ្នំពេញក្រោន បានបង្កើតឡើងនៅឆ្នាំ២០០១។ បច្ចុប្បន្ន​​អ្នកឧកញ៉ា កុក អាន ក៏​ជា​សមាជិក​ព្រឹទ្ធសភា មួយ​រូប​ផង​ដែរ៕