នាយករដ្ឋមន្រ្តី និងអ្នកសេដ្ឋកិច្ច៖ គុណភាពធនធានមនុស្សជាក្បាលម៉ាស៊ីនដ៏សំខាន់ជួយជំរុញសេដ្ឋកិច្ចជាតិ

ជុំវិញ​ឧកញ៉ា

ទាំងប្រមុខដឹកនាំរដ្ឋាភិបាល និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញការយល់ឃើញស្រដៀងគ្នាថា គុណភាពធនធានមនុស្ស គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មិនអាចខ្វះបាន ឈានទៅជួយជំរុញសេដ្ឋកិច្ចជាតិកម្ពុជាឲ្យកាន់តែរឹងមាំ និងមានសន្ទុះខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធិចែកសញ្ញាបត្រ

ជាក់ស្តែងទាក់ទិននឹងការលើកឡើងនេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ កាលពីថ្ងៃទី៣តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាកលវិទ្យាល័យឯកជន បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាច្រើនគិតមកដល់ពេលនេះ។ សម្តេចបន្តថា នេះជាមោទនភាពដែលមានធនធានមនុស្សកាន់តែច្រើនឡើងៗ។

ជាងនេះទៅទៀត សម្តេចបន្តថា ការដែលមានធនធានមនុស្សកាន់តែច្រើននេះ គឺដោយសារជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការបើកឪកាសឲ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។ សម្តេច បញ្ជាក់ថា វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច ដើម្បីឈានទៅបណ្តុះបណ្តាលគុណភាពធនធានមនុស្សកាន់តែទូលាយ។

លោក ង៉ែត ជូ

ជុំវិញករណីនេះដែរ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ក៏បានលើកឡើងដែរថា ក្នុងទ្រឹស្តីកុម្មុយនីសគេថាសម្ភារកំណត់ស្មារតី។ ទ្រឹស្តីនេះហួសសម័យកាល និងមិនត្រូវកាលៈទេសៈរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងរបៀបនៃការអភិវឌ្ឍរបស់អរិយប្រទេសនានាក្នុងពិភពលោកនោះទេ។ លោកបន្តថា ស្មារតីនេះ គួរតែជាអ្នកកំណត់សម្ភារ និងនៅអោយខ្ពស់ជាងសម្ភារ។ លោកថា និយាយអោយងាយយល់ទៅ យើងមិនអាចកសាងកម្ពុជាអោយក្លាយជាអរិយប្រទេសបាននោះទេ ប្រសិនបើគុណភាពរបស់មនុស្សមានកំរិត។

ឧកញ៉ា វណ្ណ សុខហេង

ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីធានាបាននូវភាពជោគជ័យ នៃក្រុមហ៊ុនវិនិយោគ ឬស្ថាប័នវិស័យឯកជន ប្រកបដោយចីរភាព និងបរិយាបន្ន អ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិបីយ៉ាងជាចំបង ទី១ គោរពច្បាប់, ឯករាជ្យ, និងភាពជាអ្នកដឹកនាំ ទី២ ការអភិវឌ្ឍវិស័យឯកជននិងការងារ និង ទី៣ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាវិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

លោកឧកញ៉ា ពន្យល់ថា វិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ច ជាពិសេសការធ្វើឱ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ឋភាព និងពង្រឹងភាពប្រគួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារ ។

ដោយឡែក ជុំរឿងនេះដែរ ថ្លែងក្នុងសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក គង់ សុខហេង អនុព័ន្ធពាណិជ្ជកម្មប្រចាំស្ថានបេសកកម្មកម្ពុជា បានសំដែងនូវការគាំទ្រដល់ការងាររបស់អង្គការ UNCTAD ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះ លោកថា ភាគច្រើនប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច គឺចាំបាច់ត្រូវការគុណភាពធនធានមនុស្សដែលខ្លាំង ព្រោះប្រទេសទាំងនោះនៅមានភាពខ្វះខាតជាច្រើនដូចជា ការប្រកួតប្រជែងនៅមានកម្រិត កង្វះខាតផលិតភាព និងការអភិវឌ្ឍន៍សមត្ថភាព និងកម្រិតទាបនៃឧស្សាហភាវូបនីយកម្មជាដើម។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏បានថ្លែងកោតសរសើរនិស្សិត ពិសេសធនធានមនុស្សកម្ពុជាទាំងអស់ ដែលបានជម្នះការលំបាក ដើម្បីទទួលចំណេះដឹងនានា និងរួមចំណែកជាមួយរដ្ឋាភិបាលជួយអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមក។ យ៉ាងណាសម្តេចតេជោនៅតែថ្លែងអះអាងថា ចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់នោះឡើយ៕ អត្ថបទ៖ រង្សី