ឧកញ៉ា ជា លាងហុង បើកសម្ពោធសណ្ឋាគារថ្មី ដែលដាក់ឈ្មោះភរិយា នៅក្រុងព្រះសីហនុ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ជា លាងហុង និង​លោកជំទាវ តុប ស្រីនិច (អតីតតារាសម្តែង វ៉ាន់ ម៉ូនិច) ​បាន​បើក​សម្ពោធ និង​ដាក់​ឱ្យ​ដំណើរការ​សណ្ឋាគារ មូនិច (MUNICH HOTEL) ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកសម្ផោធ និងដាក់ឱ្យ​ដំណើរការសណ្ឋាគារមូនិច ​​ដែល​​ដាក់​យីហោ​តាម​ឈ្មោះ​ភរិយា​របស់​លោក​ឧកញ៉ា ជា លាងហុង​ ផ្ទាល់​នេះ​ ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​អគ្គនាយក ពៅ បញ្ញា និងលោកស្រី ហុង លីហួរ និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ​ ​​ហើយ​សណ្ឋាគារ​នេះ​​ចាប់​ផ្តើម​ដំណើរ​ការ​ទទួល​ភ្ញៀវ​ចាប់ពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២៣ តទៅ។

មានប្រសាសន៍នៅក្នុងកម្មពិធី លោកឧកញ៉ា ជា លាងហុង បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែល​បានខិតខំ ប្រឹងប្រែង កសាងសណ្ឋាគារ មូនិច នេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាព។ លោក​បន្តថា​ជាមោទនភាព និងមានអារម្មណ៍សប្បាយរីករាយ ដែលបានសាងសង់សណ្ឋាគារនេះឡើង ហើយសង្ឃឹម​យ៉ាងមុតមាំ នឹងមានភ្ញៀវជាច្រើនជួយគាំទ្រ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

លោកឧកញ៉ា បន្តថា យើងត្រូវស្គាល់ពីខ្លួនឯងច្បាស់ ហើយអ្វីដែលជាចំណុចខ្លាំងរបស់យើងនោះគឺ ធ្វើយ៉ាងណា ឱ្យ​ភ្ញៀវដែលមកស្នាក់នៅទាំងអស់ ទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព មានអនាម័យ និងមាន​សុវត្ថិភាព​ខ្ពស់។

សូម​ជម្រាប​ជូន​ថា សណ្ឋាគារ មូនិច (MUNICH HOTEL) ធ្វើឡើងជាពិសេស សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកលេងកំសាន្តនៅ​ខេត្តព្រះសីហនុ ដែលពេលជាមួយការដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ជាមួយគ្នានេះដែរ សណ្ឋាគារ មូនិច (MUNICH HOTEL) បានសាងសង់​ឡើង មានទីតាំងនៅក្នុងទីប្រជុំជន និងមានចំងាយត្រឹមតែ ២,៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល បុគ្គលិកមាន​ភាព​រួសរាយ រាក់ទាក់ និងទទួលបានការហ្វឹកហាត់ត្រឹមត្រូវ បន្ទប់ស្អាត ធំទូលាយ និងមានច្រើនជម្រើសសម្រាប់ភ្ញៀវ ចំណតឡាន ធំទូលាយ និងមានសន្តិសុខយាមការ​លើ​ ២៤ម៉ោង។

សណ្ឋាគារ (MUNICH HOTEL) មានបន្ទប់សរុបចំនួន ៨០បន្ទប់ និងចែកចេញជាបីប្រភេទផ្សេងៗគ្នា៖
ទី១. បន្ទប់ស្តង់ដារ ៤៨មានគ្រែមួយ និងគ្រែពីរចំនួន ៤៨បន្ទប់
ទី២. បន្ទប់ឌីឡាក់ ១៦បន្ទប់ មានគ្រែមួយ និងគ្រែពីរ
ទី៣. បន្ទប់ VIP មាន ១៦ គ្រែមួយ និងមាន Bathtub មួយនៅក្នុងបន្ទប់ទឹក ក្រៅពីបន្ទប់ ក៏មានភោជនីយដ្ឋាន​ សាលប្រជុំ កន្លែងម៉ាស្សា អាងហែលទឹក និង Pool Bar ផងដែរ៕