រដ្ឋាភិបាលគ្រោងទម្លាក់ ៦លានដុល្លារជំរុញផលិតផលស្វាយចន្ទី

សង្គម​និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃទី ២៤ ខែមីនា នេះ ក្នុងសន្និសីទបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកជាសំណើរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ធនាគារជាតិនៃកម្ពុជា សិក្សាពីលទ្ធភាព លើការបញ្ចេញទុនបន្ថែមចំនួន ៦ លានដុល្លារអាមេរិកទៀតជំរុញលើការផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា៖ កម្ពុជានឹងបញ្ចេញទុន ៦លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យគ្រាប់ស្វាយចន្ទី ដោយរយៈពេលកន្លងមកនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងប្រទេសកូតឌីវ័ររួចស្រេចទៅហើយ។
ទាក់ទងនឹងពង្រៀងទម្លាក់ទុនបន្ថែមនេះ សម្ដេចតេជោ លើកឡើងបន្ថែមទៀតថា យើងនឹងពង្រីកផ្ទៃដីដាំដុះបន្ថែម និងគិតទៅលើការកែច្នៃឱ្យល្អផងដែរ។ ស្របជាមួយគ្នានោះ ការចេះបង្វិលទុន ទាន់ពេលវេលា វានឹងធ្វើឱ្យកម្ពុជានាំចេញកាន់តែបានច្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្ដេចបានសង្កត់ធ្ងន់ថា គ្រាប់ស្វាយចន្ធីរបស់កម្ពុជា ផ្គត់ផ្គង់នៅក្នុងស្រុក គឺលើសពីគ្រប់គ្រាន់ ដែលអាចអំណោយផលដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ព្រោះប្រទេសនៅលើពិភពលោកកំពុងមានតម្រូវការខ្លាំងលើគ្រាប់ស្វាយចន្ធីនេះ។

សម្ដេចតេជោ លើកឡើងថា ប្រទេសវៀតណាមជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីច្រើនជាងគេ ប៉ុន្ដែប្រទេសនេះ បាននាំយកវត្ថុធាតុដើមពីក្រៅប្រទេសមកកែច្នៃក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ។ ចំណែកឯកម្ពុជាវិញ យើងមានវត្ថុធាតុដើមស្រាប់ ហេតុនេះ ត្រូវជំរុញនូវសមត្ថភាពក្នុងការកែច្នៃ និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវបន្ថែមទៀត។ បើយោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម កម្ពុជាត្រូវការទុន៦លានដុល្លារទៀត ដើម្បីជំរុញវិស័យផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីនេះ ឱ្យបាន ១លាន១ពាន់តោន ដោយកាលពីមុនមានត្រឹមតែជាង ១ពាន់តោន ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងយុទ្ធការក្នុងការអភិវឌ្ឍលើគ្រាប់ស្វាយចន្ធីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានស្នើទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការលើរឿងនេះ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះតម្លៃគ្រាប់ស្វាយចន្ទីដែលផលិតបាន ត្រូវគិតលើតម្លៃទីផ្សារ ហើយផ្ដល់សិទ្ធិដល់ប្រជាកសិករក្នុងការសម្រេចចិត្តថា តើគួរលក់ឱ្យនរណា បើទោះបីនៅក្នុងប្រទេសកម្ពុជាមានកន្លែងកែច្នៃគ្រាប់ស្វាយចន្ទីហើយក៏ដោយ៕