ភ្ញៀវបរទេសចំនួនពីរប្រទេស សម្តេចតេជោ ហ៊ុន សែន ទទួលជួបនៅអគារវិមានសន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសចំនួន ២ប្រទេស គឺប្រទេសដូមីនីក និងជប៉ុន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក បានសម្តែងនូវការគោរពចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា​ ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ និងការចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។ ក្នុងជំនួបនោះសម្តេចក៏បានស្នើដល់លោករដ្ឋមន្ត្រី វីន ហេនដឺសាន់ ឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម។

នៅក្នុងជំនួបដាច់ដោយឡែកជាមួយ លោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) ដែលកំពុងតែមានសកម្មភាពក្នុវិស័យសុខាភិបាល អប់រំ បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត និងកិច្ចការស្រ្តី និងមនុស្សធម៌ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើននៃសកម្មភាពរបស់មូលនិធិនីប៉ុននៅកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត៕