ឧកញ៉ា ស៊ិន ចន្ធី៖ ទោះបីឆ្លងផុតជំងឺរាតត្បាតកូវីដ-១៩ វិស័យភស្តុភារកម្មកម្ពុជានៅតែប្រឈមនឹងបញ្ហាបីសំខាន់ៗ

សង្គម​និង​សេដ្ឋកិច្ច

វិស័យភស្ដុភារកម្មកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងគ្រឹះពង្រឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំ នឹងប្រកបដោយសក្ដានុពលលើវិស័យដឹកជញ្ជូនផ្លូវទឹកនិងផ្លូវគោក។ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជាបានឆ្លងផុតពីប្រទេសដែលកំពុងអភិវឌ្ឍមកជាប្រទេសអភិវឌ្ឍហើយក្ដី បានឆ្លងកាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ហើយក៏ដោយ វិស័យភស្ដុភារកម្មកម្ពុជានៅតែប្រឈមនឹងបញ្ហាបីសំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីពង្រឹងនិងពង្រីកវិស័យភស្ដុភារកម្មកម្ពុជា ព្រមទាំងវិស័យពាណិជ្ជកម្ម ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា មានប្រសាសន៍ថា «បើទោះបីជំងឺឆ្លងកូវីដ-១៩បានកន្លងហួសពីកម្ពុជាហើយក៏ដោយ តែវិស័យភស្ដុភារកម្មកម្ពុជានៅតែជួបប្រឈមនឹងបញ្ហាបីសំខាន់ៗដដែល ទី១, បញ្ហា កប៉ាល់សម្រាប់ដឹងជញ្ជូនទំនិញឡើងថ្លៃ ទី២, បញ្ហាតម្លៃប្រេងឥន្ធនៈនៅតែឡើងថ្លៃដោយមិនចុះ និងទី៣, កង្វះខាតទូកកុងតឺនឺសម្រាប់ដឹងទំនិញ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស»។

យ៉ាងណា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាជាមួយបណ្ដារក្រុមហ៊ុនជាង១០ ដែលជាសមាជិក សមាគមភស្ដុភារកម្មកម្ពុជា លោកឧកញ៉ាបានដាក់ក្ដីរំពឹងទុកថា ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាគឺដើម្បីពង្រឹងនិងពង្រីកវិស័យដឹកជញ្ជូន ហើយកម្ពុជានឹងបានធ្វើទំនាក់ទំនងយ៉ាងជិតស្និទជាមួយបណ្ដារក្រុមហ៊ុនដទៃទៀតនៅលើពិភពលោក ដែលមានភ្ញៀវកិត្តិយសមកចូលរួមជាង១០០ប្រទេស ដោយមានឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងនោះលោកឧកញ៉ា ក៏មានគោលបំណងផងដែរក្នុងដំណើរនេះដើម្បីបង្ហាញដល់ពាណិជ្ជករ ក៏ដូចជាអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនជាង១០០ប្រទេសដែលបានចូលរួម ព្រមទាំងចង់បង្ហាញពីសក្ដានុពលនៅកម្ពុជាក្នុងវិស័យភស្ដុភារកម្មនេះ ក៏ដូចជាវិស័យដទៃទៀត។

បើតាមឧកញ៉ា ស៊ិន ចន្ធី សម្រាប់ការប្រជុំលើវិស័យភស្ដុភារកម្មនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយមានរបៀបវារៈដូចជា ដំណាក់កាលដំបូងប្រជុំទ្រង់ទ្រាយធំជាមួយបណ្ដារប្រទេសដែលមកជាង១០០ផ្សេងគ្នា។ បន្ទាប់មក មានការរៀបចំប្រជុំដាច់ដោយឡែក រវាងក្រុមហ៊ុននីមួយៗ។ ដោយសមាជិកចូលរួមភាគច្រើនជាអ្នកលក់ និងអ្នកទិញ។

លោកឧកញ៉ា ស៊ិន ចន្ធី មានប្រសាសន៍បន្ថែមថា «ក្នុងបណ្ដារប្រទេសដទៃទៀតគេបានចាប់អារម្មណ៍លើកម្ពុជា ក៏ដូចជាប្រទេសឥណ្ឌាផ្ទាល់ដែលជាប្រទេសអាស៊ានបូក៦ បាននឹងកំពុងធ្វើទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងភស្ដុភារកម្មកម្ពុជា។ ហើយសម្រាប់ការប្រជុំលើកនេះ កម្ពុជាមានការរំពឹងទុកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌានឹងកើនលើស៣០០លានដុល្លារ»។

គួរជម្រាបផងដែរថា ឧកញ៉ា ស៊ិន ចន្ធី ដែលជាក្បាលម៉ាស៊ីនដឹកនាំសមាគមភស្ដុភារកម្មកម្ពុជា ប្រកបដោយគំនិតច្នៃប្រឌិត និងមានបទពិសោធន៍ក្រាស់ក្រាលក្នុងវិស័យដឹកជញ្ជូន ជាង២៥ឆ្នាំមកនេះ កន្លងមកតែងតែដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅតាមបណ្ដារប្រទេសក្នុងតំបន់អាស៊ានរួចមកហើយ លើកលែងតែក្នុងសម័យ កូវីដ-១៩ ទេដែលសមាគមន៍ភស្ដុភារកម្មកម្ពុជាមិនបានទៅបំពេញទស្សនកិច្ចផ្ទាល់ ដោយបានប្រជុំតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ រ៉េត សុកធា