លោក គួច ចំរើន ស្នើឱ្យបារាំង ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគក្នុងខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្នើទៅកាន់ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគខេត្តព្រះសីហនុ។ការស្នើនេះ បានធ្វើឡើងតាមរយៈកិច្ចពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតបារាំង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលនាវាល្បាតបារាំងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញពីចំណងមិត្តភាព ៧០ឆ្នាំកន្លងមក ធ្វើឱ្យទំនាក់ទំនងកាទូតបារាំង និងកម្ពុជាកាន់តែស៊ីជម្រៅដោយឈរលើអធិបតេយ្យភាព។

ជាមួយគ្នានេះ លោកថា កម្ពុជាស្វាគមន៍គ្រប់នាវាបរទេសដែលបានស្នើសុំការចូលចតនៅកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងបានជម្រាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុមានក្រុង២ ស្រុក៣ មាន ២៩ឃុំ សង្កាត់ មានកោះ៣០ ថ្មប៉ះប្រេះទឹក២ កោះ ឆ្នេរជាសក្តានុពលរបស់ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់បន្តថា៖« ខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍន៍រីកចម្រើន ពិសេសប្រជាជនមកពីអឺរ៉ុបមកលេងកម្សាន្តនៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុមានចំនួនច្រើន ឥឡូវទេសចរចាប់ផ្តើមមានកំណើន ពិសេសទេសចរបារាំងនៅខែមីនា ខណក្នុងមួយ ខែនេះគឺ វាស្មើនឹងឆ្នាំ២០២២។ ក្រោយនាវាកងទ័ពជើងទឹកបារាំង និងឯកអគ្គរដ្ឋទូតបារាំងមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបារាំងកាន់តែច្រើនបន្ថែមទៀត»។

ទន្ទឹមនេះ លោកថា ខេត្តព្រះសីហនុ បង្ហាញពីកាវិនិយោគចម្រុះពណ៌សម្បុរ ក្នុងនោះក៏មានការវិនិយោគរបស់បារាំងនៅខេត្តព្រះសីហនុមានចំនួន ១៨ កន្លែង ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៩០០ នាក់ ផ្អែកតាមចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ និងមានវត្តមានអ្នកវិនិយោគបារាំងមកកាន់ខេត្តព្រះសីហនុ។ ផ្អែកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លើសពីនេះ អភិបាលខេត្តព្រះសីហនុរូនេះ ក៏បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតបារាំង ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគខេត្តព្រះសីហនុ ទៅដល់អ្នកវិនិយោគ និងទេសចរណ៍បារាំងមកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។

ជុំវិញការលើកឡើងខាងលើនេះដែរ លោក PELLET JACQUES ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងរៀបរាប់ពីទិដ្ឋភាពរួមរបស់ខេត្តព្រះសីហនុ ជាពិសេសការទទួលនាវាល្បាតបារាំងដែលបានចូលចតនៅខេត្ដព្រះសីហនុ និងបានផ្តល់ទិដ្ឋាការដល់សមាជិកនាវិក។

ឯកឧត្តមបានលើកឡើងពីផ្លូវជាតិលេខ៤ សាងសង់ដោយសហរដ្ឋអាមេរិក ប្រទេសបារាំងក៏បានសាងផ្លូវដែកនៅកម្ពុជាផងដែរ។ ដោយឡែក លោកថា ចំពោះការសាងសង់នៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ យើងកំពុងកៀរគរតួអង្គបារាំងធ្វើការក្នុងវិស័យទេសចរណ៍ ដើម្បីរៀបចំមេរៀនសម្រាប់ការបង្រៀន យើងពិនិត្យឃើញថានៅពេលមុនប្រជាជនបារាំងមកនៅខេត្តព្រះហនុ ប្រហែល១ពាន់នាក់។

យ៉ាងណាមិញ តាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរំពឹងទុកថា អ្នកទេសចរ និងអ្នកវិនិយោគបារាំងនឹងមកកាន់ទីនេះកាន់តែច្រើននាពេលខាងមុខ៕