ក្រសួងកសិកម្ម ទាត់ចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថា «កសិករភ្ជួរបន្លែចោល៥តោនដោយសារគ្មានទីផ្សារ»

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ថា កសិករនៅខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះ ហើយភ្ជួរបន្លែចោល ព្រោះតែគ្មានទីផ្សារ និងអះអាងថាការចុះផ្សាយព័ត៌មាននោះគ្មានភាពច្បាស់លាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មានចំនួន២ទំព័រ កាលថ្ងៃទី២៦ ខែមីនានេះ ក្រសួងកសិកម្មបានដកស្រង់សំណេរនៃការផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា កសិករនៅខេត្តកណ្តាល អស់សង្ឃឹម ក្នុងការដាំដុះក្រោយភ្ជួរបន្លែចោល ដោយសារគ្មានទីផ្សារ។ ពាក់ព័ន្ធនឹងការចុះផ្សាយនេះ អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា ការចុះផ្សាយនោះ គ្មានភាពច្បាស់លាស់ ដើម្បីឲ្យអគ្គនាយកដ្ឋានកសិកម្ម អាចពិនិត្យដោះស្រាយបញ្ហា ដូចដែលបានលើកឡើងនេះឡើយ។

ក្រសួងកសិកម្មបានអះអាងបន្ថែមថា ការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាលាដចោលចំនួន៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវ មិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាលាដចោលទេ តែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផល និងដាំចម្រុះជាមួយដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។

ចំណែកការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ចុះថោក និងដាក់រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ នៅពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។ ជារួម ក្រសួងកសិកម្មបានចាត់ទុករាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករ ដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្តាលនោះទេ ហើយការលើកឡើងដោយអ្នកកាសែតក្រោមឈ្មោះក្លែងក្លាយថា ជាតិ ចំណាន អាចជាចេតនាបំភ្លៃការពិត៕