ឈរលំដាប់ទី២ ខេត្តបន្ទាយមានជ័យ រកចំណូលចូលជាតិតាមរយៈគយ និងរដ្ឋាករជាមធ្យមបាន ១,៥លានដុល្លារក្នុង១ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

លោក អ៊ុំ រាត្រី បានលើកឡើងថា ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យមប្រមាណ ១,៥លានដុល្លារអាមេរិក ក្នុងមួយថ្ងៃ ខណៈដែលខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២៨ ខែមីនាម្សិលមិញ បានឲ្យដឹងថា “ប្រសិនពិនិត្យមើលតាមសាខាគយបានរាយការណ៍នៅក្នុងខែខ្លះ ខេត្តបន្ទាយមានជ័យចាញ់តែខេត្តព្រះសីហនុមួយប៉ុណ្ណោះ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ។

លោកគូសបញ្ជាក់បន្ថែមទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តបន្ទាយមានជ័យប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។

លោកថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ពាន់លានរៀល។

បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួង​មហាផ្ទៃ កម្ពុជា​មាន​ច្រកព្រំដែន​ចំនួន ៨២ កន្លែង​​ជាមួយ​ប្រទេស​ជិត​ខាង ក្នុងនោះមាន​​ព្រំដែន​គោក​ជាប់​ប្រទេស ៣ គឺ​ ថៃ ឡាវ និង​វៀតណាម ក្នុង​ចម្ងាយ​ជាង ២៥០០ គីឡូម៉ែត្រ។ ក្រៅពី​ព្រំដែន​គោក ក៏​មានព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ផង​ដែរ។

ដោយឡែក សម្រាប់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាប់​ជាមួយ​ប្រទេស​ថៃ មាន​ចំនួន ៧ គឺចាំយាម (ខេត្ត​កោះកុង) ព្រំ (ខេត្ត​ប៉ៃលិន) ដូង (ខេត្ត​បាត់ដំបង) ភ្នំដី (ខេត្ត​បាត់ដំបង) ប៉ោយប៉ែត (ខេត្ត​បន្ទាយមានជ័យ) អូរ​ស្មាច់ (ខេត្ត​ឧត្តរមានជ័យ) និងជាំ (ខេត្ត​ឧត្តរមានជ័យ)៕