គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ​ “សេចក្តីព្រាងស្តីពីសារពើពន្ធ”

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើ​ “សេចក្តីព្រាងស្តីពីសារពើពន្ធ” នាព្រឹកថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមលោក​ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់ស្ដីពីសារពើពន្ធ ដែលទើបអនុម័តសេចក្តីព្រាងនេះ គឺបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ក៏ព្រោះថាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។

បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ មិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេ ប៉ុន្ដែគឺដើម្បីផ្តល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពដោយ៖ (១) ប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារ (២) កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញតិ្តដែលមានភាពខ្វះចន្លោះ​ (៣) ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជន និងធានាប្រក្រតីភាព នៃកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់ការអនុគ្រោះពន្ធអាករ ដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវក្របខ័ណ្ឌគតិយុត្តសម្រាប់ដាក់ឱ្យអនុវត្តភ្លាម និងជាកម្មវត្ថុ នៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុ នាពេលបន្ទាប់ និង(៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ តាមរយៈការប្រជុំពិភាក្សាកម្រិតបច្ចេកទេសច្រើនលើកច្រើនសារ ដើម្បីទទួលបានធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចការនេះបានចាប់ផ្ដើមតាំងតែពីខែមករា ឆ្នាំ២០១៥ តរៀងមករហូតសម្រេចបានជាសេចក្ដីព្រាងច្បាប់ដំបូង៕